
អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោកស្រី Miriam Garcia Ferrer កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែកញ្ញា) បាននិយាយថា សហភាពអឺរ៉ុប (EU) នឹងធ្វើជាតំណាងឲ្យប្រទេសប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី ក្នុងវិវាទពាណិជ្ជកម្មជាមួយអ៊ុយក្រែន នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធនឹងការហាមឃាត់ពីសំណាក់សមាជិកសហភាពអឺរ៉ុបទាំង៣ លើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន។
សូមបញ្ជាក់ថា ប្រទេសទាំង៣ បានលើកឡើងថា ការចេញនូវបម្រាមនេះ គឺដើម្បីការពារកសិកររបស់ពួកគេពីការកើនឡើងនៃលំហូរគ្រាប់ធញ្ញជាតិ និងផលិតផលអាហារផ្សេងទៀតពីអ៊ុយក្រែន ជាការផ្លាស់ប្តូរ ដែលត្រូវបានជំរុញដោយការបិទច្រកសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី ក្នុងអំឡុងពេលដែលការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនត្រូវឆ្លងកាត់ប្រទេសសមាជិកសហភាពអឺរ៉ុប។
ទីក្រុងគីវ បានប្រាប់ថា ខ្លួនបានដាក់ពាក្យប្តឹងប្រទេសទាំង៣ នៅ WTO កាលពីដើមសប្តាហ៍នេះ ដោយចំណាត់ការនេះ ត្រូវបានប្រទេសទាំង៣ និយាយថា គ្មានមូលដ្ឋានជាក់លាក់ឡើយ។
ការហាមប្រាមការនាំចូលរបស់ប្រទេសទាំង៣ គឺជាការបន្លាយពេលវេលាបន្ថែមទៀតលើការហាមឃាត់ទូទាំងសហភាពអឺរ៉ុបពីមុន ដែលគណៈកម្មការអឺរ៉ុបបានសម្រេចលុបចោល កាលពីសប្តាហ៍មុន។ ការអះអាងរបស់ពួកគេ ក្នុងការបន្តមានបម្រាមនេះ បង្កើតបានជាគម្លាតកាន់តែធំឡើងៗ រវាងសមាជិកសហភាពអឺរ៉ុប ដោយរដ្ឋាភិបាលមួយចំនួនបានរិះគន់ប្រទេសទាំងនោះថា មិនគាំទ្រអ៊ុយក្រែន ក្នុងពេលមានជម្លោះជាមួយរុស្ស៊ី។
លោកស្រី Ferrer បាននិយាយថា គោលនយោបាយពាណិជ្ជកម្មស្ថិតនៅក្រោមដែនផ្ដាច់មុខរបស់ EU ដោយលោកស្រីបន្ថែមថា គឺ EU ដែលមានតួនាទីចរចា និងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម មិនមែនសមាជិករបស់ខ្លួននោះទេ៕