
ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesingheបានអំពាវនាវឲ្យពិភពលោកទុកមួយឡែកការខ្វែងគំនិតគ្នារបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ អំឡុងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ។
ប្រទេសស្រីលង្កា ស្ថិតនៅកណ្តាលគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ដែលបានដាក់សំពាធលើវិស័យកសិកម្មដ៏សំខាន់របស់ពួកគេ ។ ធនាគារកណ្តាលប្រទេសមួយនេះ បានព្រមានថា ស្ថានភាពអាកាសធាតុស្ងួត គាប់ជួននឹងតម្លៃប្រេងសកលលោក និងថ្លៃរស់នៅហក់ឡើងខ្ពស់ជាងមុន អាចនឹងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់ប្រទេសមួយនេះ ។
លោក Wickremesinghe បាននិយាយផងដែរពីផលប៉ះពាល់នៃសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ធ្វើឲ្យកើតមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោក ។
លោកនិយាយថា ពួកយើងមើលឃើញពិភពលោកផ្លាស់ប្តូរជាកន្លែងដែលមានការប្រកួតប្រជែងរវាងប្រទេសមហាអំណាចចំនួន ២ ហើយនិងភាពតានតឹងភូមិសាស្រ្តនយោបាយ កើតមានក្នុងសង្រ្គាមដោយបើកចំហរ ។
លោកបន្តថា សង្រ្គាមនៅអ៊ុយក្រែន មិនដឹងពេលណានឹងត្រូវបញ្ចប់នោះទេ ហើយនិងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរផ្នែកមនុស្សធម៌ និងហិរញ្ញវត្ថុ បង្កឲ្យកើតមានកង្វះខាតស្បៀងអាហារ ភាពអត់ឃ្លាន និងបំណុល នៅតាមតំបន់ទាំងអស់នៅលើពិភពលោក រួមទាំងប្រទេសស្រីលង្កាផងដែរ ៕