
សមាជិកសភាក្នុងសភាជាន់ខ្ពស់របស់ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែកញ្ញា) បានផ្តល់ការយល់ព្រមចុងក្រោយចំពោះសេចក្តីស្នើច្បាប់មួយ ដែលរក្សាបម្រុងទុកនូវអាសនៈចំនួន ៣៣ភាគរយ នៅក្នុងសភាជាន់ទាប និងសភាប្រចាំរដ្ឋ សម្រាប់ស្ត្រី ដោយការផ្ដល់ការយល់ព្រមនេះ កើតមានឡើងមួយថ្ងៃបន្ទាប់ពីច្បាប់សំខាន់នេះ ត្រូវបានអនុម័តដោយសភាជាន់ទាប។
បន្ទាប់ពីមានការជជែកដេញដោលគ្នាអស់រយៈពេល ១១ម៉ោង សមាជិកសភាជាង ២០០នាក់នៅក្នុងសភាជាន់ខ្ពស់បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសមភាពយេនឌ័រ នៅក្នុងមាគ៌ាអំណាច។ ច្បាប់នេះជួយធានាដល់ការរក្សាទុកអាសនៈចំនួន ៣៣ភាគរយ សម្រាប់សមាជិកសភាស្ត្រី ក្នុងសភាជាន់ទាប និងសភាប្រចាំរដ្ឋ។
អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់របស់ឥណ្ឌា លោក Jagdeep Dhankhar បាននិយាយថា ការអនុម័តលើសេចក្ដីព្រាងច្បាប់នេះ ដែលមានការទន្ទឹងរង់ចាំជាយូរមកហើយនោះ គឺជា «សមិទ្ធផលជាប្រវត្តិសាស្ត្រ»។ សមាជិកសភាស្ត្រី នៅក្នុងសភា និងសភាប្រចាំរដ្ឋ បាននិយាយថា ច្បាប់នេះផ្តល់អំណាចយ៉ាងសំខាន់ដល់ស្ត្រីឥណ្ឌាមកពីគ្រប់មជ្ឈដ្ឋានទាំងអស់។
តែយ៉ាងណាក្ដី ច្បាប់ ដែលត្រូវបានព្រាងឡើងតាំងពីឆ្នាំ១៩៩៦ នោះ នឹងមិនត្រូវបានអនុវត្តក្នុងអំឡុងពេលនៃការបោះឆ្នោតសកល ដែលគ្រោងនឹងកើតឡើងក្នុងខែឧសភា ឆ្នាំ២០២៤ នោះទេ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Amit Shah បានប្រាប់ថា ច្បាប់អាចនឹងចូលជាធរមាននៅឆ្នាំ២០២៩៕