
នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio លើកឡើងថា លោកចង់ពន្លឿនការវិនិយោគបរទេស នៅក្នុងប្រទេសរបស់លោក ដោយបង្កើតតំបន់ពាណិជ្ជកម្មពិសេស សម្រាប់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម។
នេះជាការអត្ថាធិប្បាយរបស់លោក Kishida នៅក្នុងសុន្ទរកថា ដែលថ្លែងទៅកាន់ថ្នាក់ដឹកនាំអាជីវកម្មអាមេរិកជាង ២០០នាក់ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែកញ្ញា)។
មេដឹកនាំរបស់ប្រទេសជប៉ុនរូបនេះបានសង្កត់ធ្ងន់ថា សូចនាករសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ក្នុងឆ្នាំកន្លងទៅ គឺស្ថិតក្នុងកម្រិតដែលមិនអាចប៉ាន់ស្មានទុកបាន ក្នុងរយៈពេល ៣០ឆ្នាំ។ លោកបានបន្ថែមថា អត្រាកំណើនផលិតផលសរុបក្នុងស្រុក (GDP) ប្រចាំឆ្នាំដ៏ស្ដួចស្ដើងរបស់ប្រទេស គឺមានកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសអភិវឌ្ឍន៍ធំៗ ហើយតម្លៃភាគហ៊ុនបានកើនឡើងដល់កម្រិតដែលមិនអាចស្មានបាន ក្នុងរយៈពេល ៣៣ឆ្នាំ។
លោក Kishida បាននិយាយថា លោកសង្ឃឹមថា នឹងពន្លឿនការវិនិយោគសម្រាប់កំណើនសេដ្ឋកិច្ចបន្ថែមទៀត តាមរយៈការលើកទឹកចិត្តដល់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មបរទេសឲ្យចូលទៅក្នុងទីផ្សារជប៉ុន។ លោកបានបន្តថា តំបន់អាជីវកម្មពិសេសនឹងត្រូវបានបង្កើតឡើង ដែលនីតិវិធីរដ្ឋបាលអាចត្រូវបានបញ្ចប់តែជាភាសាអង់គ្លេសប៉ុណ្ណោះ៕