
ភ្នំភ្លើងតូច តែមានសកម្មភាព នៅជិតរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន បានបញ្ចេញឧស្ម័នស្ពាន់ធ័រឌីអុកស៊ីតលើកម្រិតមធ្យម និងផ្សែងអ័ព្ទភ្នំភ្លើង នៅថ្ងៃសុក្រ (ទី២២ ខែកញ្ញា) នេះ ដែលជំរុញឲ្យអាជ្ញាធរបិទសាលារៀន នៅក្នុងទីក្រុងចំនួនប្រាំ និងទីក្រុងមួយចំនួនទៀត ហើយដាស់តឿនប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ។
វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដីរបស់រដ្ឋ បានឲ្យដឹងថា ខ្លួនបានសង្កេតឃើញការកើនឡើងនៃសារធាតុរាវភ្នំភ្លើងក្តៅ នៅក្នុងមាត់បឹងរបស់ភ្នំភ្លើង Taal ដែលបណ្តាលឲ្យមានការបញ្ចេញឧស្ម័នភ្នំភ្លើង។
យ៉ាងណាក្ដី ការប្រកាសអាសន្ននេះ នៅតែស្ថិតក្នុងកម្រិតទី១ លើកម្រិតទាំង៥ ដែលបង្ហាញពី «ការកើនឡើងបន្តិចបន្តួចនៃការមានរញ្ជួយដីពីភ្នំភ្លើង និងសកម្មភាពចំហាយ ឬឧស្ម័ន»។
អាជ្ញាធរឲ្យដឹងថា ផ្សែងអ័ព្ទភ្នំភ្លើង ឬខ្យល់បង្កកង្វក់ មានដំណក់ទឹកតូចៗដែលមានឧស្ម័នភ្នំភ្លើង ដូចជាស្ពាន់ធ័រ ដែលអាចបណ្តាលឲ្យរលាកភ្នែក បំពង់ក និងផ្លូវដង្ហើម។ អាជ្ញាធរបានផ្អាកថ្នាក់រៀន នៅថ្ងៃសុក្រនេះ នៅក្នុងទីក្រុងតូចនិងធំជាច្រើន ក្នុងខេត្ត Cavite, Laguna, និង Batangas ដែលនៅជាប់នឹងភ្នំភ្លើង Taal និងក្នុងទីក្រុងចំនួន៥ ក្នុងតំបន់រដ្ឋធានី៕