
ទីភ្នាក់ងារកិច្ចការអតិថិជនរបស់ប្រទេសជប៉ុនកំពុងអំពាវនាវឲ្យប្រជាជនមានការប្រុងប្រយ័ត្ន នៅពេលលាសពមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងមឈូស ដោយមន្ត្រីទីភ្នាក់ងារនិយាយថា មានអ្នកស្លាប់ដោយសារការពុលកាបូនឌីអុកស៊ីតពីដុំទឹកកកស្ងួតដែលប្រើ សម្រាប់ធ្វើឲ្យត្រជាក់ខាងក្នុងមឈូស អំឡុងពេលធ្វើពិធីបុណ្យ។
ក្រុមមន្ត្រីរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៣នាក់ នៅប្រទេសជប៉ុន ដែលមានពាក់ព័ន្ធនឹងដុំទឹកកកស្ងួតក្នុងមឈូស រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១។ មន្ត្រីទាំងនោះក៏បាននិយាយដែរថា មានករណីមនុស្សបានដេកសន្លប់ក្បែរមឈូស ឬសន្លប់បាត់ស្មារតី ដោយផ្ទៃមុខរបស់ពួកគេបែរទៅមឈូស។
បន្ទាប់ពីមានឧបទ្ទវហេតុនេះ មជ្ឈមណ្ឌលកិច្ចការអតិថិជនជាតិជប៉ុនបានធ្វើការពិសោធន៍មួយ ដើម្បីវាស់ស្ទង់កំហាប់ឧស្ម័នកាបូនិក ដោយដាក់ដុំទឹកកកស្ងួតចំនួន ១០គីឡូក្រាម ក្នុងមឈូសមួយ។ កំហាប់បានកើនឡើងយ៉ាងលឿន នៅពេលដែលគម្របមឈូសត្រូវបានបិទ។ បន្ទាប់ពី ២០នាទី កំហាប់ឡើងលើសពី ៣០ភាគរយ ដែលគ្រប់គ្រាន់ ក្នុងការធ្វើឲ្យនរណាម្នាក់បាត់បង់ស្មារតីភ្លាមៗ។ បន្ទាប់ពី ៤ម៉ោង កំហាប់បានកើនឡើងដល់ប្រហែល ៩០ភាគរយ។
កំហាប់ឧស្ម័នកាបូនិក បានធ្លាក់ចុះបន្ទាប់ពីគម្របត្រូវបានបើក ប៉ុន្តែនៅតែច្រើនជាង ៣០ភាគរយ ក្រោយ ៥០នាទី។ ទីភ្នាក់ងារណែនាំឲ្យមានទុកចន្លោះខ្យល់ចេញចូលគ្រប់គ្រាន់ ហើយអ្នកកាន់ទុក្ខមិនត្រូវនៅម្នាក់ឯង ក្នុងករណីមានអាសន្ន ហើយត្រូវចេញពីមឈូសភ្លាមៗ ប្រសិនបើមានអារម្មណ៍ថា មិនស្រួលខ្លួន៕