
ប្រធានាធិបតីប៉ូឡូញបាននិយាយ នៅថ្ងៃសុក្រ (ទី២២ ខែកញ្ញា) នេះ ថា ភាពរកាំរកូសនឹងគ្នា រវាងប្រទេសប៉ូឡូញ និងអ៊ុយក្រែន ពាក់ព័ន្ធនឹងការនាំចូលគ្រាប់ធញ្ញជាតិ នឹងមិនប៉ះពាល់ខ្លាំងនោះឡើយដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរបស់ប្រទេសទាំង២ នេះ ខណៈដែលលោកបានផ្លាស់ប្តូរគោលជំហរ ដើម្បីបន្ធូរបន្ថយភាពតានតឹងលើបញ្ហានេះ។
លោក Andrzej Duda ដែលកំពុងនិយាយទៅកាន់សហគ្រិនប៉ូឡូញ និងអ៊ុយក្រែន នៅឯសមាជ សម្រាប់ការកសាងឡើងវិញរបស់ប្រទេសអ៊ុយក្រែន នៅទីក្រុង Poznan បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងប៉ូឡូញ និងអ៊ុយក្រែន មានចំណែករួមជាប្រវត្តិសាស្ត្រ ហើយការផ្លាស់ប្តូរចុងក្រោយបង្អស់ រវាងប្រទេសទាំង២បានធ្វើឡើងនៅក្នុងគ្រានៃ«អារម្មណ៍របស់មនុស្ស ដែលរឹងមាំ»។
សូមរំលឹកថា ប្រទេសប៉ូឡូញបានសម្រេចចិត្ត កាលពីសប្តាហ៍មុន ដើម្បីបន្តការហាមឃាត់លើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដោយបានធ្វើឲ្យមានភាពរង្គោះរង្គើនូវទំនាក់ទំនងរបស់ទីក្រុងគីវ ជាមួយប្រទេសជិតខាង ដែលត្រូវបានគេមើលឃើញថា ជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ខ្លួន ចាប់តាំងពីប្រទេសរុស្ស៊ី បានលុកលុយអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុន។
លោក Duda ត្រូវបានគេរំពឹងថា នឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប៉ុន្តែមិនមានជំនួបបែបនេះកើតឡើងឡើយ៕