
ក្រុមមេដឹកនាំរបស់ប្រទេសហ្ស៊ីមបាបវេ និងហ្គីណេ កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសប្រទេសលោកខាងលិច ពីបទបំពានដាក់ទណ្ឌកម្មនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាហ្រ្វិកនៅឯការកិច្ចពិភាក្សាទូទៅដែលនៅតែបន្ដនៅក្នុងសម័យប្រជុំលើកទី៧៨របស់មហាសន្និបាតអង្គការសហប្រជាជាតិ។
ក្រុមមេដឹកនាំអាហ្រ្វិកបានកត់សំគាល់ថា សកម្មភាពនានាដែលធ្វើឡើងដោយបណ្ដាប្រទេសលោកខាងលិច គឺមានគោលបំណងដើម្បីរក្សានូវផលប្រយោជន៍ផ្ទាល់របស់ពួកគេ ហើយនិងលួចធនធានធម្មជាតិនៅក្នុងទ្វិបនេះមួយនេះ។
ប្រធានាធិបតីហ្ស៊ីមបាបវេ លោក អេមមើសុន អឹមណាន់ហ្កាក់វ៉ា នៅក្នុងសន្ទរកថារបស់លោក លោកបាននិយាយថា យើងសុំថ្កោទោសយ៉ាងដាច់អហង្ការនូវចេតនានានារបស់ប្រទេសមហាអំណាចខ្លះដែលបង្រៀនពីសន្ដិភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងថែមទាំងមានជម្លោះមូលនិធិដោយស្ងាត់កំបាំង ហើយនិងការផ្លាស់ប្ដូររដ្ឋាភិបាលនានាផ្ទុយនឹងរដ្ឋធម្មនុញ្ញដើម្បីតែផលប្រយោជន៍សម្រាប់ក្រុមរបស់ខ្លួនមួយក្តាប់តូចប៉ុណ្ណោះ។
លោកបន្ដថា យើងសុំថ្កោលទោសបន្ថែមទៀតទៅនឹងការដាក់ទណ្ឌកម្មជាឯកតោភាគី និងខុសច្បាប់ដែល ជាផ្នែកមួយនៃឧបករណ៍នយោបាយបរទេសដែលប្រើប្រាស់ដោយមហាអំណាចខ្លះ ដូចជាទណ្ឌកម្មទាំងនេះ ត្រូវបានគេដាក់ទៅលើប្រទេសហ្ស៊ីមបាបវេ និងប្រទេសផ្សេងទៀតដូចជាគុយបាជាដើម។
នាយករដ្ឋមន្រ្ដីស្ដីទីហ្គីណេ លោកម៉ាម៉ាឌី ឌូមបួយយ៉ា បានបន្ទតាមប្រធានាធិបតីអឹមណាន់ហ្កាក់វ៉ា ដោយបាននិយាយថា ប្រទេសលោកខាងលិច កំពុងព្យាយាមដាក់របៀបរបបរបស់ពួកគេលើអាហ្រ្វិកជាមួយនឹង គោលបំណងលួចប្លន់ធនធានរបស់ទ្វិបនេះឯង។