
ក្រុមទាហានអ៊ុយក្រែន កំពុងប្ដេជ្ញាដណ្ដើមយកមកវិញនូវទីក្រុងបាក់មុតដែលរងភាពខ្ទេចខ្ទាំ ប៉ុន្ដែត្រូវប្រឈមមុខនឹងរយៈពេលយូរ និងពិបាក បន្ទាប់ពីការប្រយុទ្ធជាមួយនឹងការតស៊ូយ៉ាងសាហាវរបស់រុស្ស៊ីខណៈដែលដណ្ដើមបានភូមិពីរនៅជិតក្រុងនេះ។
ប្រធានាធិបតីវ៉្លូឌីមៀ ហ្សេលិនស្គី បាននិយាយនៅក្នុងការផ្ដល់បទសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកសប្ដាហ៍នេះថា ក្រុងគីវ នឹងដណ្ដើមបានក្រុងបាក់មុតមកវិញបន្ទាប់ពីដណ្ដើមបានភូមិ អង់ឌ្រីអ៊ីវកា និងភូមិគ្លីស៊ីវីកា ដែលភូមិពីរនេះ ស្ថិតនៅភាគខាងត្បូងក្រុងក្នុងភាគខាងកើតប្រទេសអ៊ុយក្រែន។
ក្រុមទាហានដែលបានចូលរួមប្រយុទ្ធនៅភូមិអង់ឌ្រីអ៊ីវកា មានក្ដីសង្ឃឹមចំពោះឱកាសដណ្ដើមយកក្រុងបាក់មុតមកវិញ ប៉ុន្ដែបាននិយាយថា ការប្រយុទ្ធគ្នានឹងមិនអាចឆាប់ ឬងាយស្រួលឡើយ ដោយភាគីទាំងពីរ សុទ្ធតែចាត់ទុកពីសារៈសំខាន់ក្រុងនេះជានិម្មិតរូបដ៏ធំរបស់ពួកគេរៀងៗខ្លួន៕