ឧត្ដរមានជ័យ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ចាប់ពីពេលនេះតទៅនាយហានពលទាហានទាំងអស់ត្រូវតែធ្វើការហ្វឹកហាត់ជាប្រចាំ ដើម្បីធ្វើយ៉ាងណាពង្រឹងនូវចំណេះធ្វើ និងចំដឹងបន្ថែមទៀតលើជំនាញការពារជាតិ និងបូរណភាពទឹកដី។
ក្នុងឱកាសចុះពិនិត្យមើល វឌ្ឃនភាព នៃការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង និងសួរសុខទុក្ខ ដល់មេបញ្ជាការ មេញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅទិសយោធភូមិភាគទី៤ ស្ថិតនៅតំបន់ប្រវត្តិសាស្រ្តយោធាភ្នំ២០០ នាស្រុកអង្លងវែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ស្របតាមគោលនយោបាយបញ្ចកោណនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កងទ័ពត្រូវតែមានការកែទម្រង់ ដោយត្រូវធ្វើការហ្វឹកហាត់ ចំណេះជំនាញជាប្រចាំដោយគ្នានការលើកលេងនោះឡើយ ជាពិសេសជំនាញការពារជាតិ មាតុភូមិ ត្រូវមានកម្លាំងពលំមាំមួន។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះទាហានណាក៏ដោយ ដែលជាប់ពាក់ព័ន្ធ និងសេពគ្រឿងញៀន នឹងត្រូវដក់ចេញពីក្របខណ្ឌ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោយគ្មានការអនុគ្រោះនោះទេ។ ហើយមួយចាប់ពីពេលនេះតទៅមុនប្រឡងចូលក្របខណ្ឌកងទ័ពត្រូវតែធ្វើតេស្តគ្រឿងញៀន ឲ្យខាងតែបាន ដោយមុននឹងក្លាយជាក្របខណ្ឌកងទ័ពត្រូវតែពិនិត្យ និងធ្វើតេស្តគ្រឿងញៀននេះយ៉ាងតិចចំនួនបួនដងផងដែរ៕ ដោយ ៖ បាន ចក់











