ស៊ែរបៃហ្សង់ ៖ប្រទេសអាស៊ែរបៃហ្សង់ បានរុះរើវិមានរថក្រោះ នៅតំបន់ការ៉ាបាក់ ដែលជានិមិត្តរូបនៃការគ្រប់គ្រងតំបន់របស់ជនជាតិដើមអាមេនី កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា។
រថក្រោះរបស់កងទ័ពប្រទេសអាស៊ែរបៃហ្សង់នេះ ត្រូវបានវាយប្រហារដោយជនជាតិអាមេនីតំបន់ការ៉ាបាក់ ក្នុងឆ្នាំ ១៩៩២ អំឡុងសង្គ្រាមតំបន់ការ៉ាបាក់ដំបូង ហើយបន្ទាប់មកដាក់នៅលើភ្នំទល់មុខនឹងដែនដីគោករបស់ប្រទេសអាស៊ែបៃហ្សង់ នៅតាមព្រំដែនតំបន់ផ្តាច់ខ្លួន។
គួរបញ្ជាក់ផងដែរថា តំបន់ ការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែបានទទួលឯករាជ្យភាពជាក់ស្តែង ចាប់តាំងពីការផ្តាច់ខ្លួននៅក្នុងសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៩០មក នៅពេលដែលសហភាពសូវៀតបានដួលរលំ។
អាស៊ែរបៃហ្សង់ បានបើកការវាយលុកយោធាដើម្បីដណ្តើមបានការគ្រប់គ្រងឡើងវិញលើទីក្រុង ការ៉ាបាក់ កាលពីថ្ងៃទី១៩ ខែកញ្ញា រយៈពេលមួយថ្ងៃបន្ទាប់ពីជំនួយមនុស្សធម៌ត្រូវបានបញ្ជូនទៅតំបន់នេះជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ៕

