ស្វាយរៀង៖ កម្មករកម្មការិនីនៅតំបន់សេដ្ឋកិច្ចក្រុងបាវិតរហូតដល់ ៤៣នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញលើកម្មការិនីចំនួន ៣៨នាក់ និងកម្មករចំនួន ៥នាក់ ដែលពួកទាំងអស់គ្នាសុទ្ធតែបម្រើការនៅរោងចក្រយូលី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៃក្រុងបាវិត ជាប់ព្រំដែនកម្ពុជា-វៀតណាម។
បើតាមរដ្ឋបាលខេត្តស្វាយរៀង កម្មករកម្មការិនីទាំង ៤៣នាក់ដែលទើបរកឃើញឆ្លងមេរោគកូវីដ-១៩នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត។
រដ្ឋបាលខេត្តមួយនេះ បញ្ជាក់ថា អាជ្ញាធរកំពុងស្វែងរក និងពិនិត្យសំណាកលើអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីរកមេរោគកូវីដ-១៩ និងដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាព។
កម្មករកម្មការិនីជាច្រើននាក់នៅតំបន់សេដ្ឋកិច្ចពិសេសត្រូវបានរកឃើញរកឃើញឆ្លងមេរោគកូវីដ-១៩ចាប់តាំងពីសប្ដាហ៍មុនមក៕
