ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំឱ្យមានកម្មវិធីសរសេរតាមអាន«សំណេរអង្គរ» នាពេលខាងមុខ។ ការគ្រោងរៀបចំកម្មវិធីនេះ គឺដើម្បី លើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស សិស្ស និស្សិត ក្នុងយុគសម័យឌីជីថល។
នារសៀលថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរង រដ្ឋសភា។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម លីម ប៊ុនហុក ក៏បានលើកឡើងនូវគម្រោងមួយស្តីពីការរៀបចំ កម្មវិធី សរសេរតាមអាន«សំណេរអង្គរ» ក្នុងគោលបំណងដើម្បី លើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស សិស្ស និស្សិត ក្នុងយុគសម័យឌីជីថល ដោយឯកឧត្តមបានស្នើសុំកិច្ចសហការ រៀបចំ គាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីសរសេរតាមអាននេះ នឹងត្រូវរៀបចំឡើងក្នុងទម្រង់ជាការប្រកួតប្រជែងជាសាធារណៈហើយក៍ជាមធ្យោបាយមួយសម្រាប់ទាញយកចំណាប់អារម្មណ៍របស់ សាធារណជនលើសារៈសំខាន់នៃអក្សរសាស្ត្រខ្មែរ ក៏នឹងអនុញ្ញាតឲ្យអ្នកចូលរួមដោយ ផ្ទាល់ពង្រីកចំណេះដឹងទូទៅរបស់ខ្លួន លើប្រធានបទដែលជាកម្មវត្ថុនៃសំណេរនេះផងដែរ ។
ជាក់ស្ដែង តាមរយៈការប្រកួតសរសេរតាមអាន ដែលមានចំណងជើងថា «សំណេរអង្គរ» អ្នកចូលរួមនឹងទទួលបានចំណេះដឹងទូទៅ ជុំវិញប្រវត្តិនៃរមណីយដ្ឋានអង្គរ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានឆ្លើយតប និងការស្នើសុំកិច្ចសហការ រៀបចំ គាំទ្រ ខាងលើនេះ នឹងចាត់តាំងមន្ត្រីជំនាញបច្ចេកទេស ក្នុងការងាររៀបចំកម្មវិធី សរសេរតាមអាន៖ «សំណេរអង្គរ» នេះ ឱ្យបានត្រឹមត្រូវ តម្លាភាពតាមបច្ចេកទេស នៃការប្រឡង ដោយមានគណៈកម្មាការរៀបចំប្រឡង គណៈកម្មាការអនុរក្ស និង គ្រូកំណែ ត្រឹមត្រូវតាមស្តង់ដាដែលបានកំណត់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តីក៏បានបន្ថែមទៀតផងដែរថាសម្រាប់ ប្រធានបទ និងដាក់ចេញដោយឯកឧត្តមផ្ទាល់ និងសមស្របតាមកម្រិត លក្ខខណ្ឌ ផ្សេងៗនៃកម្មវិធី ៕ ដោយ ៖ គីម ហុក


