អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃសុក្រ បានអរគុណដល់ប្រទេស កាណាដា សម្រាប់ជំនួយរបស់ប្រទេសនេះក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី ដោយបាននិយាយថា ជំនួយរបស់ទីក្រុងអូតាវ៉ា បានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។
ចាប់តាំងពីដើមឆ្នាំ ២០២២ មក ប្រទេសកាណាដា បានសន្យាផ្តល់ជំនួយជាង ៥,៩ ពាន់លានដុល្លារអាមេរិក ក្នុងជំនួយដល់អ៊ុយក្រែន រួមទាំង ជាង១.៨ ពាន់លានដុល្លារកាណាដា ជាជំនួយយោធា។
នាយករដ្ឋមន្ត្រី លោក Justin Trudeau បាននិយាយថា ប្រទេសកាណាដានឹងផ្តល់ជំនួយយោធាបន្ថែមចំនួន ៦៥០ លានដុល្លារកាណាដា ក្នុងរយៈពេលបីឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវរថពាសដែកចំនួន ៥០ គ្រឿង។ លោកបាននិយាយថា ទីក្រុង Ottawa ក៏នឹងបញ្ជូនគ្រូបង្វឹកទៅជួយអ្នកបើកបរយន្តហោះអ៊ុយក្រែនឲ្យចេះប្រើប្រាស់យន្តហោះចម្បាំង F-16 របស់ប្រទេសលោកខាងលិចផងដែរ។
លោក Zelenskiy បានជិះយន្តហោះចេញពីទីក្រុងវ៉ាស៊ីនតោន ជាទីដែលលោកបានអំពាវនាវដល់សមាជិកសភាអាមេរិកឱ្យបន្តការគាំទ្រ ក្នុងពេលមានមន្ទិលសង្ស័យពីសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនអំពីថាតើសភានឹងអនុម័តជំនួយបន្ថែមទៀតឬយ៉ាងណា។

