
ភ្នំពេញ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ របស់សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានឈានដល់ទីបញ្ចប់ហើយ ដោយទទួលបានជោគជ័យ និងផ្លែផ្កាជាច្រើន បន្ទាប់ពីប្រជុំពិភាក្សាលើបញ្ហាផ្សេងៗ ជាច្រើន ពាក់ព័ន្ធនឹងវិស័យមនុស្សធម៌ ព្រមទាំងឈានដល់ការសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមមួយដែលមានការឯកភាពពីគ្រប់ភាគីប្រទេសជាសមាជិកនៃកិច្ចប្រជុំ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៃភូមិភាគអាស៊ីអាគ្នេយ៍ បានរៀបចំ ដឹកនាំកិច្ចប្រជុំប្រកបដោយភាពជោគជ័យគួរជាទីមោទនៈ ព្រមទាំងសម្រេចបានផ្លែផ្កាជាច្រើនក្នុងវិស័យមនុស្សធម៌ ដែលបានជំរុញចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្នុងតំបន់ឱ្យកាន់តែមានភាពប្រសើរឡើង។
ជារួមកិច្ចប្រជុំ២ថ្ងៃនេះ បានប្រជុំពិភាក្សាគ្នាយ៉ាងផុសផុសលើសម័យប្រជុំចំនួន ១០ ហើយចុងក្រោយម្រេចបាននូវសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ ដែលបានព្រមព្រៀង ចុះហត្ថលេខាពីប្រទេសជាសមាជិកនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ចំនួន ១០ ប្រទេស។
មានប្រសាសន៍ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំថ្នាក់ដឹកនាំ នាល្ងាចថ្ងៃទី ២២ កញ្ញា នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍ អបអរសាទរនូវកិច្ចប្រជុំដែលបញ្ចប់ដោយជោគជ័យ ឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរឹងមាំដើម្បីបំពេញបន្ថែមលើដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌ ក៏ដូចជាការចេញនូវសេចក្ដីថ្លែងការរាជធានីភ្នំពេញ នាថ្ងៃនេះ ។
មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនាល្ងាចថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ម៉ែន នារីសោភ័គ អនុប្រធានទីមួយកាកបាទក្រហមកម្ពុជា បានមានលើកឡើងថាសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ បានសម្រេចឯកភាពលើចំណុចសំខាន់ៗជាច្រើន រួមទាំងបញ្ហាចាស់ដែលនៅសេសសល់ និងបញ្ហាប្រឈមថ្មីៗ ដែលកំពុងកើតមាននៅក្នុងតំបន់ ព្រមទាំងការស្វែងរកដំណោះស្រាយរួមគ្នា។
លោកជំទាវបានមានប្រសាសន៍បន្តថា ចំណុចសំខាន់ចម្បងគេនៃសេចក្ដីថ្លែងការណ៍ គឺ៖ ការផ្តល់អំណាចដល់យុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហម , ការទទួលស្គាល់សារៈសំខាន់នៃការផ្លាស់ប្តូរឆ្ពោះទៅមុខលើការប្តេជ្ញាចិត្តនៃធម្មនុញ្ញអាកាសធាតុ និងបរិស្ថាន, ការប្ដេជ្ញាខិតខំឱ្យមានកិច្ចប្រជុំភាពជាអ្នកដឹកនាំ SEA អព្យាក្រឹតកាបូន ,ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង IFRC អាស៊ាន ក្នុងការបង្កើនភាពធន់របស់សហគមន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ , យល់ព្រមរួមគ្នាគាំទ្រកាកបាទក្រហមមីយ៉ាន់ម៉ា លើការផ្តល់សេវាមនុស្សធម៌ជាប់លាប់ដល់ជនចំណាកស្រុក និងជនភៀសខ្លួនក្នុង និងមកពីប្រទេសមីយ៉ាន់ម៉ា ដោយប្រើប្រាស់ការតភ្ជាប់សាខាទៅសាខាឆ្លងព្រំដែន ដើម្បីពង្រឹង និងរៀបចំសាខាលើផ្លូវធ្វើចំណាកស្រុក, និង ការជំរុញភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅអាស៊ីអាគ្នេយ៍។
គួរជម្រាបជូនថា កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជន លើកទី២ បានប្រព្រឹត្តទៅរយៈពេល ៦ ថ្ងៃ នៅក្រុងភ្នំពេញ ពីថ្ងៃទី ១៧-២២ ខែកញ្ញ ឆ្នាំ២០២៣ ដែលមានសមាសភាពថ្នាក់ដឹកនាំ និងប្រតិភូជំនាញជិត ៦០នាក់ និងយុវជនជាអ្នកសង្កេតការណ៍ ៣៤ នាក់ មកពីសមាគមជាតិទាំង ១១ ប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងក្នុងនាមសណ្ដានចិត្ដដ៏ល្អប្រពៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ជូនការហូបចុក និងស្នាក់នៅដោយឥតគិតថ្លៃ ជូនដល់ប្រតិភូប្រធាន និងប្រតិភូយុវជនទាំងអស់ដែលបានចូលរួម។ ជាមួយគ្នានេះ ប្រតិភូបរទេសដែលបានចូលរួមកិច្ចប្រជុំក៏បានបង្ហាញការរីករាយសប្បាយចិត្តដែលកម្ពុជាបានទទួលស្វាគមន៍ពួកគេបានយ៉ាងកក់ក្ដៅក្នុងនាមជាប្រជាជាតិតែមួយក្នុងភូមិភាគអាស៊ីអាគ្នេយ៍៕
អត្ថបទ៖ ចេន សុជាតា











