ភ្នំពេញ៖ នេះជាលើកដំបូងហើយ ដែលកម្ពុជារៀបចំពិព័រណ៍ វ័ន ខ្មែរ ប៊ីធូប៊ី និងប៊ីធូស៊ី (1 Khmer B2B និង B2C) ដែលរៀបចំឡើងនៅក្នុងផ្សារទំនើប អូឡាំព៉្យា ម៉ល ចាប់ពីថ្ងៃទី២២ ដល់២៤ ខែកញ្ញា ឆ្នាំ ២០២៣ ដែលរំពឹងថា នឹងទាក់ទាញមកទស្សនាចំនួនប្រមាណ ១ម៉ឺននាក់ ខណៈគិតត្រឹមថ្ងៃទី២នៃព្រឹត្តការណ៍នេះ មានអ្នកចុះឈ្មោះដើម្បីចូលរួមរាប់ពាន់នាក់។
ជួបសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ កញ្ញា ឈួន មុនីរ័ត្ន អ្នកសម្របសម្រួលកម្មវិធីពិព័រណ៌ បានរៀបរាប់ថា ព្រឹត្តិការណ៍នេះរៀបចំឡើងដោយមានការគាំទ្ររបស់ផ្សារមូលបត្រកម្ពុជា (CSX) និងនិយ័តករទីផ្សារមូលបត្រកម្ពុជា ដើម្បីក្លាយជាវេទិកាដ៏ល្អមួយសម្រាប់ក្រុមហ៊ុនកម្ពុជា និងអន្តរជាតិ ដើម្បីបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេ ដើម្បីទទួលបានភាពជោគជ័យ។
តាមការឲ្យដឹងរបស់កញ្ញា គិតក្នុងថ្ងៃម្សិលមិញនេះមានអ្នកចូលរួមទស្សនាចំនួនប្រមាណ ៤ពាន់នាក់។ កញ្ញាបន្តថា ការតាំងពិព័រណ៍នេះ មិនត្រឹមតែផ្តល់ឱកាសសម្រាប់ក្រុមហ៊ុននានា ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យពួកគេភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកទិញ និងអ្នកចូលរួមដ៏មានសក្តានុពលផងដែរ។
កញ្ញា ឡាញ់ ស្រីនាថ ប្រធានប្រតិបត្តិផ្នែកជួល និងទីផ្សាររបស់គម្រោងអូឡាំព៉្យា ស៊ីធី នៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានអំពាវនាវដល់អ្នកដែលមានគម្រោងចង់ធ្វើបង្កើតអាជីវកម្ម ឬចង់ស្វែងរកដៃគូពាណិជ្ជកម្ម អាចជួបគ្នាដោយផ្ទាល់តាមរយៈកម្មវិធីពិព័រណ៌នេះ ដែលជាឱកាសដ៏ល្អសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជួបនិងកសាងបណ្តាញក្នុងការធ្វើពាណិជ្ជកម្ម ជាពិសេសជាមួយក្រុមហ៊ុន អូស៊ីអាយស៊ី ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនវិស័យ ដូចជា ធនាគារ សណ្ឋាគារ ផ្សារ និងអចលនទ្រព្យជាដើម។
សូមបញ្ជាក់ថា ពិព័រណ៍ វ័ន ខ្មែរ ប៊ីធូប៊ី និងប៊ីធូស៊ី (1 Khmer B2B និង B2C) មានវិស័យចម្រុះជាច្រើនបានចូលរួមតាំងបង្ហាញ មានដូចជា៖ វិស័យធានារ៉ាប់រង, មូលបត្រ, ធនាគារ, ទេសចរណ៍, ចំណីអាហារនិងភេសជ្ជៈ, ទូរគមនាគមន៍ និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតជាដើម ដែលមានក្រុមហ៊ុនជាតិ និងអន្តរជាតិសរុបចំនួនប្រមាណ ៧០ និងស្តង់តាំងបង្ហាញរហូតជាង ១០០ស្តង់៕ អត្ថបទ ៖ ឈិត បូរ៉ាវី










