ម៉ិចស៊ិច ៖ ជនអន្តោប្រវេសន៍រាប់សិបនាក់ បានខកចិត្ត ដោយសារចេញផ្លូវរថភ្លើងនៅខាងក្រៅទីក្រុងម៉ិកស៊ីកូ កាលពីថ្ងៃសុក្រ (ទី២២ខែកញ្ញា) ដែលត្រូវបានរារាំងដោយក្រុមមន្ត្រីម៉ិកស៊ិកពីការជិះរថភ្លើងដឹកទំនិញ នៅក្នុងកិច្ចខិតខំប្រឹងប្រែង អនុវត្តច្បាប់ថ្មីដ៏សំខាន់មួយ ដើម្បីទប់ស្កាត់លំហូរចូលនៃក្រុមមនុស្សឆ្ពោះទៅភាគខាងជើង។
មនុស្សរាប់ពាន់នាក់ បានទៅដល់ព្រំដែនភាគខាងជើង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបានឆ្លងចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលភាគច្រើន ក្រោយពីធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ នៅលើរថភ្លើងដឹកទំនិញ ដែលគេស្គាល់ថា«The Beast»។
ប្រតិបត្តិករផ្លូវដែកម៉ិកស៊ិក Ferromex នៅសប្តាហ៍នេះ បានផ្អាករថភ្លើងចំនួន៦០គ្រឿងជាបណ្តោះអាសន្ន ដោយសារលំហូរចូលនៃមនុស្ស ហើយវិទ្យាស្ថានអន្តោប្រវេសន៍ជាតិ(INM) របស់ប្រទេសម៉ិកស៊ិក បានដាក់ពង្រាយក្រុមភ្នាក់ងារ ដើម្បីរារាំងមនុស្សមិនឲ្យឡើងជិះរថភ្លើង។
នៅផ្លូវរថភ្លើងក្បែរកន្លែងចាក់សំរាមនៅទីក្រុងវាវើតូកា ( Huehuetoca) ដែលជាទីក្រុងភាគខាងជើងនៃទីក្រុងម៉ិកស៊ិក ភ្នាក់ងារINM ប្រហែល៤០នាក់ជិះក្នុងរថយន្តរាប់សិបគ្រឿង បានបើកតាមបណ្ដោយផ្លូវដែក ដើម្បីកាត់ផ្តាច់មធ្យោបាយកុំឲ្យជនអន្តោប្រវេសន៍ចូលទៅដល់ និងបានបញ្ជូនយានដ្រូន ដើម្បីស្វែងរកអ្នកផ្សេងទៀត ដែលបានរត់ចូលទៅក្នុងភ្នំដែលជុំវិញនោះ។ ក្រុមជនអន្តោប្រវេសន៍ ដែលកាន់កាបូបស្ពាយ និងក្អមទឹក បានធ្វើដំណើរឆ្លងកាត់វាលស្មៅខ្ពស់ក្រោមៗ ក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅហែង ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង ដែលនៅជិតបំផុត។

