ស៊ូដង់ ៖ ប្រមុខកងទ័ពស៊ូដង់ បានថ្លែងប្រាប់សារព័ត៌មានBBCថា លោកសុខចិត្តនិយាយជាមួយមេបញ្ជាការនៃកងកម្លាំងឧទ្ទាមដែលលោកកំពុងប្រយុទ្ធ ដើម្បីគ្រប់គ្រងប្រទេសនេះ។
លោកឧត្តមសេនីយ៍ អាប់ឌែល ហ្វាតា អាល់ប៊ុហាន ( Abdel Fattah al-Burhan) បាននិយាយថា លោកបានត្រៀមខ្លួនជាគោលការណ៍រួចជាស្រេច ដើម្បីអង្គុយចរចាជាមួយលោក ម៉ូហាមេដ ហាមដាន ដាហ្គាឡូ (Mohamed Hamdan Dagalo) ដែលជាមេដឹកនាំនៃកងកម្លាំងគាំទ្ររហ័ស(RSF)។
មេដឹកនាំទាំងពីររូបនេះ បានប្រយុទ្ធគ្នាក្នុងសង្គ្រាមផ្ទៃក្នុងដ៏ឃោរឃៅមួយ ចាប់តាំងពីខែមេសា ដែលអង្គការសហប្រជាជាតិនិយាយថា បានបណ្តាលឲ្យមនុស្សជាង ៥.០០០នាក់ស្លាប់។
អង្គការសហប្រជាជាតិ និយាយថា មនុស្សជាង ៥លាននាក់ ត្រូវបានផ្លាស់ទីលំនៅ។
លោកឧត្តមសេនីយ៍ ប៊ុហាន ដែលបានដណ្ដើមអំណាចដោយរដ្ឋប្រហារនៅឆ្នាំ២០២១ បាននិយាយទៅកាន់សារព័ត៌មានBBC នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយ បន្ទាប់ពីថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។


