យ៉េមែន ៖ ប្រធានក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងនៃប្រទេសយ៉េម៉ែន ដែលជាក្រុមចម្រុះនៃកងជីវពល ដែលប្រដាប់ដោយអាវុធធុនធ្ងន់ និងមានហិរញ្ញវត្ថុគ្រប់គ្រាន់ បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងផ្តល់អាទិភាពដល់ការបង្កើតប្រទេសដាច់ដោយឡែកមួយ នៅក្នុងការចរចាជាមួយគូប្រជែងរបស់ពួកគេ គឺក្រុមឧទ្ទាមហ៊ូធី (Houthi) ។
ការអត្ថាធិប្បាយរបស់លោក អៃដារ៉ូស អាល់ហ្សូបៃឌី (Aidarous al-Zubaidi) នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AP កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការបញ្ចប់នៃកិច្ចចរចាដ៏សំខាន់ក្នុងទីក្រុងរីយ៉ាដ (Riyadh) រវាងក្រុមឧទ្ទាមហ៊ូធី និងអារ៉ាប៊ីសាអ៊ូឌីត ដែលដឹកនាំក្រុមចម្រុះប្រយុទ្ធប្រឆាំងនឹងពួកគេនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសនេះ។ ការអធិប្បាយនេះ បង្ហាញថា ក្រុមរបស់លោកប្រហែលជាមិនអាចចូលរួមការចរចា ដើម្បីដំណោះស្រាយមួយ ដោយគ្មានការដាក់បញ្ចូលការបង្កើតរដ្ឋដាច់ដោយឡែកនោះទេ។
លោកអាល់ហ្សូបៃឌី មានតួនាទីពីរនៅក្នុងនយោបាយយេម៉ែន លោកគឺជាអនុប្រធានាធិបតីរបស់ប្រទេសនេះនិងជាមេដឹកនាំនៃក្រុមបំបែកខ្លួន ដែលបានចូលរួមជាមួយរដ្ឋាភិបាលចម្រុះដែលទទួលស្គាល់ជាអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងអាដែន (Aden)ភាគខាងត្បូង។
ការធ្វើដំណើររបស់លោកទៅចូលរួមកិច្ចប្រជុំមេដឹកនាំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ គឺសំដៅពង្រីកការអំពាវនាវឲ្យមានការបំបែកខ្លួនភាគខាងត្បូង ដែលបានយកឱកាសនេះសម្រាប់ការពិភាក្សា ក្នុងគោលបំណងបញ្ចប់សង្រ្គាមដែលកាន់តែធំនេះ។ កាលពីដើមឆ្នាំនេះ ប្រមុខរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសនេះ បានច្រានចោលបញ្ហានេះ។

