
តាកែវ៖ ខេត្តតាកែវ បានប្រកាសពីការរកឃើញមនុស្សចំនួន ១៩នាក់ទៀត បានឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ ដែលភាគច្រើនរកឃើញនៅស្រុកបាទី និងស្រុកត្រាំកក់។
ចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីនៅក្នុងខេត្តនេះ ត្រូវបានមើលឃើញតាមរយៈរបាយការណ៍មួយដែលស្នងការដ្ឋាននគរបាលខេត្តតាកែវ ផ្ញើទៅអភិបាលខេត្តតាកែវកាលពីថ្ងៃម្សិលមិញនេះ។
របាយការណ៍នោះ បង្ហាញថា ស្រុកបាទីបានរកឃើញពលរដ្ឋចំនួន ៧នាក់ទៀតឆ្លងមេរោគកូវីដ-១៩ ក្នុងនោះមានអាជីវករផ្សារសំរោងយ៉ោង ២នាក់ កសិករ ២នាក់ កូនសិស្ស ២នាក់ កម្មការិនីរោងចក្រសាន់បូ ១នាក់ និងអ្នកបើករថយន្ត ១នាក់។
ចំណែកឯស្រុកត្រាំកក់វិញ របាយការណ៍ដដែលនេះបញ្ជាក់ថា បានរកឃើញមនុស្ស ៦នាក់ទៀតឆ្លងកូវីដ-១៩ ក្នុងនោះមានកសិករ ២នាក់ អាជីវករម្នាក់នៅផ្សារត្រពាំងអណ្ដើក កម្មការិនីរោងចក្រម្នាក់ អ្នកលក់ដូរនៅផ្ទះម្នាក់ និងជនជាតិម្នាក់។
របាយការណ៍ឱ្យដឹងទៀតថា ក្រុងដូនកែវក៏បានរកឃើញពលរដ្ឋ ២នាក់ទៀតឆ្លងកូវីដ-១៩ផងដែរ ក្នុងនោះមានយោធាម្នាក់ និងពលករខ្មែរម្នាក់ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។
នៅឯស្រុកសំរោងឯណោះវិញ កសិករម្នាក់ និងកម្មការិនីម្នាក់ គឺជាករណីឆ្លងថ្មីដែលអាជ្ញាធរខេត្តតាកែវត្រូវបានរកឃើញនៅថ្ងៃម្សិលមិញនេះ។
សម្រាប់ស្រុកព្រៃកប្បាស និងស្រុកកោះអណ្ដែត បានរកឃើញករណីឆ្លងថ្មីតែមួយប៉ុណ្ណោះនៅក្នុងស្រុកនីមួយៗ ដែលជាពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋធ្វើដំណើរទៅពីរាជធានីភ្នំពេញ៕