រុស្ស៊ី និយាយថា ក្រុមអ្នកប្រយុទ្ធអាមេនី នៅតំបន់ Nagorno Karabkh បានចាប់ផ្តើមបោះបង់ចោលអាវុធ បន្ទាប់ពីប្រតិបត្តិការសឹករបស់អាស៊ែបៃហ្សង់។
រុស្ស៊ីក្នុងនាមជាក្រុមរក្សាសន្តិភាពនៅតំបន់ផ្តាច់ខ្លួនមួយនេះ បានចែកចាយជំនួយមនុស្សធម៌ទៅកាន់ពួកគេ។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា រថពាសដែក ៦គ្រឿង កាំភ្លើងជាង ៨០០ដើម និងគ្រឿងផ្ទុះប្រហែល ៥ពាន់គ្រាប់ ត្រូវបានប្រគល់ឲ្យមកទល់នឹងពេលនេះ ។

តំបន់ Karabakh របស់អាមេនី ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយរបស់ប្រទេសអាស៊ែបៃហ្សង់ បានបង្ខំចិត្តប្រកាសបទឈប់បាញ់កាលពីថ្ងៃពុធ ក្រោយពេលដែលកងកម្លាំងអាស៊ែបៃហ្សង់ ចាប់ផ្តើមអ្វីដែលពួកគេចាត់ទុកថាជាប្រតិបត្តិការសឹកប្រឆាំងអំពើភេរវកម្ម ។
វាគឺជាការឆ្លើយតបមួយចំពោះការសម្លាប់ទាហានអាស៊ែបៃហ្សង់ អំឡុងការវាយប្រហារពីតំបន់ភ្នំ ។
កាលពីថ្ងៃសុក្រកន្លងទៅ កងទ័ពអាស៊ែបៃហ្សង់ បានដកចេញវិមានរថក្រោះនៅតំបន់ Karabakh ដែលជានិមិត្តរូបនៃការគ្រប់គ្រងរបស់អាមេនី៕
