កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រជាពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់ នាំគ្នាតវ៉ាប្រឆាំងនឹងផែនការកំណែទម្រង់ប្រព័ន្ធតុលាការនៅក្នុងទីក្រុងតែល អាវីវ ស្របពេលមានការជំរុញឲ្យចាប់ផ្តើមឡើងវិញ សម្រាប់សន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលជាផ្នែកមួយនៃកិច្ចខិតខំរវាងអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត ដែលគាំទ្រដោយសហរដ្ឋអាមេរិក ។
កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលចម្រុះនិយមស្តាំរបស់នាយករដ្ឋមន្រ្តីអ៊ីសា្រអែលលោក Benjamin Netanyahu បានផ្តល់ផែនការដើម្បីកាត់បន្ថយអំណាចរបស់តុលាការកំពូល ជាហេតុធ្វើឲ្យមានបាតុកម្មប្រចាំសប្តាហ៍នៅទូទាំងប្រទេស ។

ដោយសារតែសំពាធពីសាធារណជន រដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តផ្នែកមួយនៃផែនការប៉ុណ្ណោះ ស្របពេលដែលសមាជិកក្រុមចម្រុះនិយមស្តាំ សន្យាអនុម័តផ្នែកដែលនៅសេសសល់ ។
ច្បាប់ចុងក្រោយនេះដែរ ដែលជាកំណែទម្រង់មួយចំពោះច្បាប់មូលដ្ឋានរបស់អ៊ីស្រាអែល នឹងដកចេញអំណាចរបស់តុលាការ ដែលច្រានចោលការសម្រេចចិត្ត ឬការតែងតាំងរបស់រដ្ឋាភិបាល ។
ស្របពេលដែលមានកំហឹងក្នុងស្រុក លោក Netanyahu បាននិយាយកាលពីថ្ងៃសុក្រថា លោកជឿជាក់ថា ប្រទេសរបស់លោកស្ថិតនៅលើផ្លូវសន្តិភាពជាមួយអារ៉ាប៊ីសាអូឌីត ហើយលោកបានព្យាករណ៍ថា វានឹងអាចស្តាសន្តិភាព និងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា៕
