វីដេអូសាក្សីថតបានពេលដែលមីស៊ីលអ៊ុយក្រែនវាយប្រហារទីបញ្ជាការកណ្តាលកងនាវាទាហានជើងទឹកសមុទ្រខ្មៅរុស្ស៊ីស្ថិតនៅក្នុងទីក្រុង Sevastopol ។
នៅក្នុងរូបភាពវីដេអូឃ្លីបនោះ ឃើញផ្សែងខ្មៅដ៏ក្រាស់ឃ្មឹកផុសពីលើអគារ មុនពេលមីស៊ីលផ្ទុះឡើង ហើយនិងមានសំឡេងផ្ទុះយ៉ាងខ្លាំង ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានពីទីតាំងរងការវាយប្រហារ តាមរយៈការផ្គូរផ្គងអគារ ដើមឈើ និងឆកសមុទ្រជាមួយនឹងរូបភាពផ្កាយរណបនៅតំបន់នោះ ។

ខណៈពេលនោះដែរ ក្រសួងការពារជាតិរុស្ស៊ី និយាយថា គ្មានទាហានជើងទឹកណាម្នាក់បាត់ខ្លួននោះទេ ក្រោយការវាយប្រហារនេះ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ដំបូងថា មនុស្សម្នាក់ ត្រូវបានសម្លាប់។
ពួកគេនិយាយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់មីស៊ីលសរុបទាំងអស់ ៥គ្រឿង ។ ដោយឡែក យោធាអ៊ុយក្រែននិយាយថា ពួកគេបានវាយប្រហារទីបញ្ជាការកណ្តាលកងនាវាទាហានជើងទឹកសមុទ្រខ្មៅរបស់រុស្ស៊ី៕

