សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថ្លែងថា ដំណើរទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំកំពូលនានា នៅក្រៅប្រទេសរបស់សម្ដេច គឺមានការងារចំនួន ៣ គឺ ការងារកាទូត ការងារនយោបាយ និងការងារសេដ្ឋកិច្ច។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីប្រទេសកាណាដា និងសហរដ្ឋអាមរិក ប្រមាណ ២៥០០ នាក់កាលពីម៉ោង ៥ ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ២០២៣ នៅ ញូយ៉ក ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ដំណើរទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំកំពូលនានានៅក្រៅប្រទេសរបស់សម្ដេច គឺមានការងារ ៣ ដែលការងារនេះ ប្រមុខរាជរដ្ឋាភិបាលមុនៗ ក៏បានធ្វើក្នុងពេលតែមួយក្នុងដំណើរទស្សនកិច្ចនេះដែរ គឺទី១ ការងារកាទូត ទី២ ការងារនយោបាយ និងទី៣ ការងារសេដ្ឋកិច្ច។
សម្ដេចធិបតីបញ្ជាកថា ការងារការទូត គឺបង្ហាញទៅកាន់ពិភពលោកថា ទោះបីជាមានការផ្លាស់ប្ដូររាជរដ្ឋាភិបាលថ្មីក៏ដោយ ក៏ប្រទេសកម្ពុជា ជារដ្ឋអធិបតេយ្យមួយ មានសិទ្ធិ ស្មើមុខស្មើមាត់ជាមួយនឹងបណ្ដាប្រទេសទាំងអស់រួមទាំងប្រទេសមហាអំណាចផងដែរ។

សម្តេចធិបតីបញ្ជាក់ថា ទស្សនកិច្ចនៅក្រៅប្រទេសការងារទាក់ទងនឹងកិច្ចការងារនយោបាយកម្ពុជា បានបញ្ជាក់ជំហរទៅដល់បណ្ដាប្រទេសទាំងអស់ ទោះបីជាកម្ពុជាប្រទេសតូចមួយនៅក្នុងតំបន់អាស៊ី ប៉ុន្ដែកម្ពុជា ក៏ជាសមាជិកមួយរបស់អង្គការសហប្រជាជាតិ។ ចំណែក កិច្ចការងារសេដ្ឋកិច្ច គឺរាជរដ្ឋាភិបាលបានគៀគរអ្នកវិនិយោគិនពីគ្រប់ទិសទីឱ្យទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងស្វែងរកទីផ្សារសម្រាប់ប្រជាពលរដ្ឋក្នុងការនាំចេញផលិផលផ្សេងៗជាពិសេសផលិតផលកសិកម្ម៕ អត្ថបទ៖ វ៉ន ដារ៉ា