កាលពីថ្ងៃសៅរ៍ (២៣ កញ្ញា) លោក ចូ បៃដិន បានស្តីបន្ទោសចំពោះអ្វីដែលលោកហៅថា «អ្នកសាធារណរដ្ឋជ្រុលនិយម» ដោយនិយាយថា សមាជិកសភារបស់គណបក្សមួយនេះចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីការពារការបិទរដ្ឋាភិបាលមុនកាលបរិច្ឆេទកំណត់នៅថ្ងៃទី៣០ ខែកញ្ញា។

លោក បៃដិន បានមានប្រសាសន៍នៅក្នុងពិធីជប់លៀងពានរង្វាន់សភាកាលពីថ្ងៃសៅរ៍ថា កិច្ចព្រមព្រៀងដែលបានឈានដល់រវាងថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋ និងរដ្ឋបាលរបស់លោកកាលពីខែឧសភា នឹងផ្តល់មូលនិធិដល់អាទិភាពសន្តិសុខជាតិ និងក្នុងស្រុក ហើយនៅតែកាត់បន្ថយឱនភាពថវិកាចំនួន១ពាន់ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំខាងមុខ។
លោក បៃដិន បានបន្តថា ការបិទរដ្ឋាភិបាល នឹងប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ ការស្រាវជ្រាវជំងឺមហារីក និងកម្មវិធីកុមារ ដោយបន្ថែមថា ការធានាថារដ្ឋាភិបាលទទួលបានមូលនិធិ គឺជាមុខងារស្នូលមួយនៃសភាផងដែរ៕
