នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Mateusz Morawiecki បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កុំឱ្យ «ប្រមាថជនជាតិប៉ូឡូញម្តងទៀតឲ្យសោះ» បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយថា អ្នកជិតខាងរបស់ខ្លួនកំពុងសម្ដែងអំពីជម្លោះរបស់ពួកគេលើការនាំចេញគ្រាប់ធញ្ញជាតិ។

មេដឹកនាំប៉ូឡូញរូបនេះ បានវយប្រហារលោក Zelensky វិញ បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនរូបនោះ បានផ្តល់ការរិះគន់យ៉ាងបញ្ឆិតបញ្ឆៀងចំពោះប៉ូឡូញ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ ដោយនិយាយថាជម្លោះនេះគឺជា «ឆាកល្ខោននយោបាយ» ហើយថា «មិត្តរបស់យើងមួយចំនួននៅអឺរ៉ុប» បានធ្វើឱ្យមានការភ្អាក់ផ្អើលជុំវិញជម្លោះគ្រាប់ធញ្ញជាតិនេះផងដែរ។
លោក Morawiecki បាននិយាយថា «ខ្ញុំចង់ប្រាប់លោកប្រធានាធិបតី Zelensky កុំឱ្យប្រមាថជនជាតិប៉ូឡូញម្តងទៀត ដូចដែលលោកបានធ្វើនាពេលថ្មីៗនេះក្នុងអំឡុងពេលសុន្ទរកថារបស់ខ្លួននៅអង្គការសហប្រជាជាតិ ឲ្យសោះ»។
ការអត្ថាធិប្បាយរបស់លោក Morawiecki ប្រឈមនឹងហានិភ័យ នៃការបែកបាក់កាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ដែលពីមុនជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងរួបរួមគ្នាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕
