នគរបាលន័រវេស បានចាប់ខ្លួនអតីតមេបញ្ជាការក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ដោយសង្ស័យថាបុរសរូបនោះ បានព្យាយាមឆ្លងដែនខុសច្បាប់ត្រឡប់ទៅប្រទេសរុស្ស៊ីវិញ បន្ទាប់ពីស្វែងរកសិទ្ធិជ្រកកោន នៅប្រទេសន័រវេសកាលពីដើមឆ្នាំនេះ នេះបើយោងតាមមេធាវីរបស់ជនសង្ស័យបាននិយាយកាលពីថ្ងៃសៅរ៍ (២៣ កញ្ញា)។
លោក Andrei Medvedev ដែលបានរត់គេចពីប្រទេសរុស្ស៊ី កាលពីខែមករា តាមព្រំដែនអាកទិកជាមួយន័រវេស បានពិពណ៌នាថាខ្លួនកំពុងរត់គេច ខណៈដែលឆ្មាំរុស្ស៊ីបានបាញ់ប្រហារមកលើខ្លួន។ លោកបាននិយាយអំពីការប្រយុទ្ធរបស់លោកនៅអ៊ុយក្រែន ដែលជាផ្នែកមួយនៃក្រុមទាហានស៊ីឈ្នួល Wagner ផងដែរ។

នៅពេលទៅដល់ប្រទេសន័រវេស លោក Medvedev បាននិយាយថា ខ្លួនកំពុងស្វែងរកសិទ្ធិជ្រកកោន ដោយសារតែលោកភ័យខ្លាចចំពោះគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួន បន្ទាប់ពីបានឃើញការសម្លាប់ និងធ្វើបាបអ្នកទោសរុស្ស៊ី ដែលនាំទៅដល់ជួរមុខក្នុង ប្រទេសអ៊ុយក្រែន។
ការរត់គេចខ្លួនរបស់លោក Medvedev កាលពីខែមករា បានធ្វើឱ្យមានការភ្ញាក់ផ្អើលជុំវិញពិភពលោកថា ជាឧទាហរណ៍ដ៏កម្រមួយនៅពេលមានមនុស្សម្នាក់រត់ចោលស្រុកទៅប្រទេសលោកខាងលិច ខណៈពេលដែលអះអាងថា បានប្រយុទ្ធឱ្យរុស្ស៊ីក្នុងនាមជាទាហានស៊ីឈ្នួលក្នុងសង្គ្រាមអ៊ុយក្រែន៕
