ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យចំនួន៨៦នាក់ក្នុងនោះមានស្រ្ដី៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន
៣៤ករណី នៅទូទាំងប្រទេស។
នគរបាលបន្ថែមថាក្នុងចំណោមជនសង្ស័យចំនួន ៨៦នាក់ មានអ្នកមានផ្ទុកសារធាតុញៀន អ្នកប្រើប្រាស់ និងឃាត់ខ្លួនតាមដីកាតុលាការ ដោយដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនមួយចំនួន។
នគរបាលបញ្ជាក់ថាការបង្រ្កាបបានធ្វើឡើងចំនួន ១៣អង្គភាព ក្នុងនោះក៏មានកងរាជអាវុធហត្ថចូលរួម និងនៅតាមបណ្ដាខេត្តដូចជា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ១ករណី ខេត្តបន្ទាយមានជ័យ៣ករណី កំពង់ស្ពឺ ១ករណី កំពង់ធំ ១ករណី កណ្តាល ៣ករណី រាជធានីភ្នំពេញ ៥ករណី ព្រះវិហារ ១ករណី សៀមរាប ១ករណី ក្រចេះ ១ករណី ស្វាយរៀង ១ករណី តាកែវ ៣ករណី និងខាងកងរាជអាវុធហត្ថ៤អង្គភាព នៅខេត្តបន្ទាយមានជ័យបង្ក្រាបបាន ១ករណី នៅបាត់ដំបងបង្ក្រាបបាន ២ករណី តាកែវ ១ករណី និងខេត្តឧត្តរមានជ័យបង្ក្រាបបាន ១ករណី។
បច្ចុប្បន្នជនសង្ស័យទាំង៨៦នាក់ត្រូវបានសមត្ថកិច្ចបន្តនីតិវិធីតាមផ្លូវច្បាប់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
