បារាំង៖ ប្រធានាធិបតីបារាំងលោក អេម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងថា ប្រទេសរបស់លោកនឹងដកឯកអគ្គរដ្ឋទូត និងកងទ័ពរបស់ខ្លួនចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារ កាលពីខែកក្កដា ដែលបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ លោក មូហាមេដ បាហ្សូម(Mohamed Bazoum)។
លោកម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយកាលពីថ្ងៃអាទិត្យថា៖«បារាំង បានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួន។ នៅប៉ុន្មានម៉ោងបន្ទាប់ ឯកអគ្គរដ្ឋទូតរបស់យើង និងអ្នកការទូតជាច្រើននាក់ នឹងត្រឡប់ទៅប្រទេសបារាំងវិញ»។
លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការយោធា បានចប់សព្វគ្រប់ ហើយទាហានបារាំង នឹងដកចេញនៅក្នុង «រយៈពេលប៉ុន្មានខែ និងប៉ុន្មានសប្ដាហ៍ខាងមុខ» ដោយមានការដកចេញទាំងស្រុង នៅចុងឆ្នាំនេះ។
ប្រទេសបារាំង បានរក្សាទាហានប្រមាណ ១.៥០០ នាក់នៅមូលដ្ឋានរបស់ខ្លួនក្នុងប្រទេសនីហ្សេ ហើយបានបដិសេធសំណើរបស់មេដឹកនាំយោធាថ្មីឲ្យឯកអគ្គរដ្ឋទូតរបស់ខ្លួនចាកចេញ។
មនុស្សរាប់ពាន់នាក់ បានធ្វើការតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងរដ្ឋធានីនីញ៉ាម៉េ(Niamey) រួមទាំងនៅខាងក្រៅមូលដ្ឋានយោធា ដែលមានទាហានបារាំងផងដែរនោះ។ មេដឹកនាំថ្មីទាំងនោះ បានទាមទារឲ្យឯកអគ្គរដ្ឋទូត និងកងទ័ពបារាំង ចាកចេញពីប្រទេសនេះ បន្ទាប់ពីលោកម៉ាក្រុង បដិសេធមិនទទួលស្គាល់រដ្ឋប្រហារ៕


