ឥណ្ឌា៖ បន្ទាប់ពីការប្រឈមមុខដាក់គ្នាខាងការទូតរវាងប្រទេសឥណ្ឌា និងកាណាដា មានក្រុមសាសនាមួយក្រុមឈ្មោះថា ក្រុមរណសិរ្សរួបរួមសាសនាហិណ្ឌូ បានធ្វើបាតុកម្មនៅទីក្រុង ញ៉ូវ ដេល្លី (New Delhi) ប្រទេសឥណ្ឌា ប្រឆាំងនឹងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា)។
ភាពតានតឹងរវាងឥណ្ឌា និងកាណាដាបានកើនឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដាបាននិយាយកាលពីថ្ងៃចន្ទ (១៨ កញ្ញា) ថាមាន «ការចោទប្រកាន់គួរឱ្យទុកចិត្ត» ដែលភ្ជាប់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ទៅនឹងឃាតកម្មនៅក្នុងប្រទេសកាណាដា កាលពីខែមិថុនា នៃមេដឹកនាំផ្តាច់ខ្លួនសាសនា ស៊ីគ ដែលធ្វើយុទ្ធនាការសម្រាប់ការបង្កើតទឹកដីកំណើត ស៊ីគ ឯករាជ្យមួយហៅថា «តំបន់ កាលីស្ថាន»។
ទីភ្នាក់ងារប្រឆាំងភេរវកម្មសហព័ន្ធរបស់ឥណ្ឌាកាលពីថ្ងៃសៅរ៍ (២៣ កញ្ញា) បាននិយាយថា ខ្លួនបានរឹបអូសទ្រព្យសម្បត្តិរបស់ជនសកម្មប្រយុទ្ធ កាលីស្ថាន ដែលខ្លួនចោទប្រកាន់ពីសកម្មភាពភេរវកម្មនៅក្នុងប្រទេសឥណ្ឌាផងដែរ៕

