អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍អាមេរិក កាលពីថ្ងៃអាទិត្យថា កិច្ចខិតខំប្រឹងប្រែងដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងអ៊ីស្រាអែលជាមួយរដ្ឋឈូងសមុទ្រអារ៉ាប់ រួមទាំងអារ៉ាប៊ីសាអ៊ូឌីត «នឹងមិនទទួលបានជោគជ័យទេ» ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍CNN លោក រ៉េស៊ី ក៏បានថ្លែងផងដែរថា អ៊ីរ៉ង់មិនបាននិយាយថា ខ្លួនមិនត្រូវការអ្នកត្រួតពិនិត្យនុយក្លេអ៊ែរពីក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសនោះទេ។
លោកបាននិយាយថា អ៊ីរ៉ង់មិនមានបញ្ហាអ្វីជាមួយការត្រួតពិនិត្យរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UNទៅលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់ បានរារាំងអ្នកត្រួតពិនិត្យជាច្រើននាក់ ដែលត្រូវបានចាត់តាំងឲ្យមកកាន់ប្រទេសនេះ។
ប្រទេសអ៊ីស្រាអែល បានខិតទៅជិតប្រទេសអារ៉ាប់រួម បារ៉ែន ស៊ូដង់ និងម៉ារ៉ុក បន្ទាប់ពីគំនិតផ្តួចផ្តើមការទូតដែលគាំទ្រដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ ដែលបានជំរុញឲ្យមានប្រក្រតីភាពទំនាក់ទំនង ឡើងវិញ។
ការបង្កើតទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីត ដែលជាកន្លែងគោរពបូជាដ៏ពិសិដ្ឋបំផុតរបស់សាសនាឥស្លាម នឹងក្លាយជារង្វាន់ធំសម្រាប់ប្រទេសអ៊ីស្រាអែល និងផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ នៅមជ្ឈិមបូព៌ា៕

