អាមេនី៖ ក្រុមជនជាតិភាគតិចរស់នៅក្នុងតំបន់ជម្លោះណាហ្គ័រណូ-ការ៉ាបាក់ (Nagorno- Karabakh) បានចសម្រុកចាកចេញតាមរថយន្តកាលពីថ្ងៃអាទិត្យ ឆ្ពោះទៅដល់ប្រទេសអាមេនី បន្ទាប់ពីអាស៊ែរបៃហ្សង់ បានយកឈ្នះលើក្រុមអ្នកប្រយុទ្ធរបស់តំបន់ផ្ដាច់ខ្លួន ក្នុងជម្លោះដែលបានផ្ទុះឡើងជាបន្តបន្ទាប់ចាប់តាំងពីសម័យសហភាពសូវៀតមក។
មេដឹកនាំតំបន់ណាហ្គ័រណូ បានប្រាប់សារព័ត៌មាន Reuters ថាពលរដ្ឋអាមេនីចំនួន១២ម៉ឺននាក់រស់នៅក្នុងតំន់នេះពុំចង់រស់នៅទីនោះទេ ដោយសារការភ័យខ្លាចការធ្វើបាបពីអាស៊ែរបៃហ្សង់និងការបោសសម្អាតជនជាតិភាគតិច។
សេចក្ដីថ្លែងការណ៍មួយេរបស់រដ្ឋាភិបាលអាមេនី បាននិយាយថា មនុស្ស១.០៥០នាក់ បានឆ្លងព្រំដែនចូលទៅដល់ប្រទេសអាមេនី ពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ គិតត្រឹមម៉ោង១០យប់ថ្ងៃអាទិត្យ។
តំបន់ការ៉ាក់បាក់ របស់ប្រទេសអាមេនី ដែលជាដែនដីមួយត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយរបស់ប្រទេសអាស៊ែរបៃហ្សង់ ប៉ុន្តែធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ត្រូវបានបង្ខំឲ្យមានបទឈប់បាញ់មួយកាលពីសប្ដាហ៍មុន បន្ទាប់ពីប្រតិបត្តិការយោធា២៤ម៉ោង ដោយកងកម្លាំងយោធាដ៏ច្រើនរបស់ប្រទេសអាស៊ែរបៃហ្សង់។
គួររម្លឹកថា អាមេនី និងអាស៊ែរបៃហ្សង់ បានប្រយុទ្ធគ្នាក្នុងសង្រ្គាម២ លើតំបន់រងការឡោមព័ទ្ធមួយនេះ រយៈពេល៣០ឆ្នាំមកហើយ ដោយអាស៊ែរបៃហ្សង់ដណ្ដើមដែនដីដ៏ធំនេះមកវិញ ទាំងនៅក្នុងនិងជុំវិញតំបន់ណាហ្គ័រណូ -ការ៉ាបាក់ ក្នុងជម្លោះរយៈពេល៦សប្ដាហ៍កាលពីឆ្នាំ២០២០៕

