អេត្យូពី៖ ប្រទេសអេត្យូពី បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានចាប់ផ្តើមកិច្ចចរចាជុំទីពីរជាមួយអេហ្ស៊ីប និងស៊ូដង់ជុំវិញទំនប់ទឹកមេហ្គាដ៏ចម្រូងចម្រាស ដែលសាងសង់ដោយទីក្រុងអាឌីស អាបេបា (Addis Ababa) នៅពីខាងលើទន្លេនីល ដែលជាប្រភពនៃភាពតានតឹងដ៏យូរអង្វែង ក្នុងចំណោមប្រទេសទាំងបីនេះ។
នៅក្នុងខែនេះ ប្រទេសអេត្យូពី បានប្រកាសពីការបញ្ចប់ការបំពេញទំនប់ទឹកបង្កើតថ្មីដ៏ធំរបស់អេត្យូពី ( Grand Ethiopian Renaissance Dam) លើកទី៤ និងចុងក្រោយដែលជំរុញឲ្យមានការថ្កោលទោសភ្លាមៗពីទីក្រុងគែរ ដែលបានចាត់ទុកការសម្រេចនេះថា ខុសច្បាប់។
ប្រទេសអេហ្ស៊ីប និងស៊ូដង់ បារម្ភថា ទំនប់ទឹកដ៏ធំ ដែលមានតម្លៃ ៤.២ ពាន់លានដុល្លារ នឹងកាត់បន្ថយចំណែកទឹកទន្លេនីលយ៉ាងច្រើន ដែលពួកគេទទួលបាន ហើយបានស្នើសុំម្តងហើយម្តងទៀតឲ្យទីក្រុងអាឌីស អាបេបា បញ្ឈប់ការចាក់បំពេញទំនប់នេះ រហូតដល់កិច្ចព្រមព្រៀងមួយ ត្រូវបានសម្រេច។
អស់រយៈពេលជាច្រើនឆ្នាំហើយ មានការខ្វែងគំនិតគ្នាលើបញ្ហានេះ ប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតាអាល់ ស៊ីស៊ី ( Abdel Fattah al-Sisi) និងនាយករដ្ឋមន្ត្រីអេត្យូពី លោកអាប៊ីយ អាមេដ ( Abiy Ahmed) បានព្រមព្រៀងគ្នា កាលពីខែកក្កដា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងក្នុងរយៈពេល ៤ខែ ដោយចាប់ផ្តើមការចរចាឡើងវិញ នៅខែសីហា៕


