ប្រេស៊ីល៖ កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា)នៅតំបន់សំណង់មិនរៀបរយក្នុងទីក្រុង Rio de Janeiro របស់ប្រទេសប្រេស៊ីល អ្នកស្រុកមានការបារម្ភពីបម្រែបម្រួលអាកាសធាតុ និងអ្នកខ្លះទៀតហាក់ដូចជាមិនភ្ញាក់ផ្អើលនឹងអាកាសធាតុដ៏ក្ដៅនេះទេ ដោយមានមនុស្សជាច្រើនបានស្វែងរកវិធីដើម្បីធ្វើឲ្យមានភាពត្រជាក់ ខណៈដែលរលកកម្ដៅបានវាយប្រហារប្រទេសប្រេស៊ីល ចាប់តាំងពីសប្តាហ៍ចុងក្រោយនៃរដូវរងាមក។
នៅតំបន់សំណង់មិនរៀបរយ Parque Esperanca អ្នកស្រុកបានប្រមូលផ្តុំគ្នានៅក្នុងអាងហែលទឹកដើម្បីទប់ទល់នឹងកម្ដៅក្នុងទីក្រុង Rio ជាទីដែលស៊ីតុណ្ហភាពបានឡើងដល់កម្រិត៣៨អង្សាសេ កាលពីថ្ងៃអាទិត្យ នេះបើយោងតាមវិទ្យាស្ថានជាតិឧតុនិយម (Inmet) ។
អ្នកស្រុកមកពីតំបន់សំណង់មិនរៀបរយ Rocinha ក្នុងសង្កាត់ Maria Beatriz Gomes បាននិយាយថា ពួកគេបានទទួលរងពីបាតុភូតអាកាសធាតុដ៏ធ្ងន់ធ្ងរបំផុតទាំងនេះ ដោយសារតែលំនៅដ្ឋានចង្អៀត ដែលខ្វះការត្រួតពិនិត្យពីបញ្ហាអាកាសធាតុគ្រប់ប្រភេទ។
កាលពីសប្តាហ៍មុន វិទ្យាស្ថានជាតិឧតុនិយម បានចេញការជូនដំណឹងពណ៌ក្រហមនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសប្រេស៊ីល រួមទាំងទីក្រុង Rio de Janeiro ដើម្បីព្រមានពីគ្រោះថ្នាក់នៃសីតុណ្ហភាពកើនឡើងចំនួន៥អង្សាសេ លើសពីមធ្យមភាគ ក្នុងសប្តាហ៍ចុងក្រោយនៃរដូវរងា។ រលកកម្ដៅដែលកំពុងបន្ត ត្រូវបានព្យាករណ៍ថានឹងបន្តរហូតដល់ថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះសម្រាប់ប្រទេសប្រេស៊ីលផងដែរ៕


