ភ្នំពេញ៖ កម្ពុជាបានកំពុងផ្លាស់ប្តូររបត់វិស័យឧស្សាហកម្ម ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង ជាពិសេសការស្រូបយកឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់ជាបណ្តើរៗ សម្រាប់បម្រើដល់វិស័យសេដ្ឋកិច្ចជាតិ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការវិនិយោគ និងការផ្លាស់ប្តូរវិស័យឧស្សាហកម្មសម្រាប់កំណើនសេដ្ឋកិច្ចនេះថា សេដ្ឋកិច្ចកម្ពុជាបានរំពឹងលើកឧស្សាហកម្មកាត់ដេរ និងឧស្សាហកម្មកម្មាន្តសាលមិនមែនកាត់ដេរ តែមកដល់ពេលនេះ កម្ពុជាបានកំពុងផ្លាស់ប្តូរជាបណ្តើរៗ នៃការចាប់យកវិស័យឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ជំនួសដល់វិស័យមួយចំនួនដែលមានកំណើនទាប។
អ្នកឧកញ៉ា បន្តថា ជុំវិញការផ្លាស់ប្តូររបត់ទៅរកការរីកចម្រើននេះ កម្ពុជាបានកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែងជាបន្តបន្ទាប់ ជាក់ស្តែងមកដល់ពេលនេះ ឧស្សហកម្មធុនមធ្យម និងធុនធ្ងន់មួយចំនួន បានកំពុងដំណើរការមានដូចជា ឧស្សាហកម្មផ្គុំ និងដំឡើងរថយន្ត, រោងចក្រផលិតសំបកកង់រថយន្ត, រោងចក្រផលិតដែក, និងរោងចក្រផលិតគ្រឿងបរិក្ខាអគ្គិសនីជាដើម ហើយចាប់ពីពេលនេះតទៅ កម្ពុជានិងស្រូបយកឧស្សាហកម្មមធ្យម និងធុនធ្ងន់បានកាន់តែច្រើនថែមទៀត សម្រាប់បង្កើនមូលដ្ឋានគ្រឹះដល់សេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានការចុះបញ្ជីលើគម្រោងវិនិយោគជាច្រើន ជាក់ស្តែងថ្មីនេះ, CDC ទទួលបានគម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៤០លានដុល្លារអាម៉េរិក, រោងចក្រផលិតអំពូលភ្លើង, ខ្សែកាប, គ្រឿងបង្គុំ អេឡិកត្រូនិកធ្វើពីប្លាស្ទិក និងរោងចក្រផលិតសំបកកង់រថយន្តជាដើម។ ទាក់ទងឿស្សាហកម្មនេះធុនធ្ងន់នេះ, ហ៊ុន RMA (Cambodia) ថ្មីៗនេះ ក៏បានប្រកាសពីការផ្គុំ ដំឡើងរថយន្ត ទៅផលិតរថយន្តផងដែរ។
សូមបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា ក្នុងបញ្ចាកោណទី២ រាជរដ្ឋាភិបាលនិងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ព្រោះកិច្ចការនេះ សម្រាប់ជាមូលដ្ឋានគាំទ្រកំណើន ប្រកបដោយចីរភាព និងភាពធន់ក្នុងរយៈពេលវែង និងខ្លី តាមរយៈការពង្រីកមូលដ្ឋានផលិតកម្ម, បង្កើនតម្លៃបន្ថែម, ការតភ្ជាប់ច្រវាក់ផលិតកម្ម និងផ្គត់ផ្គង់សកល, ព្រមទាំងការទាក់ទាញ និងជំរុញការវិនិយោគលើឧស្សហកម្មថ្មីៗ ដែលកំពុងលេចធ្លោ៕អត្ថបទ៖ សុន រ៉ាឌី