ភ្នំពេញ៖កម្ពុជា និងអូស្ត្រាលី បានប្រកាសដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីមួយលើវិស័យកែច្នៃចំណីអាហារ ដើម្បីអភិវឌ្ឍន៍ផលិតផលថ្មី ទទួលបានស្តង់ដាសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សារ ដែលមានគោលដៅគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យមកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន លើកឡើងថា ភាពជាដៃគូនេះ ត្រូវបានដាក់ឱ្យដាក់អនុវត្ត ដោយលោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ជាមួយលោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។
គំនិតផ្តួចផ្តើមនេះ ក៏នឹងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
ភាពជាដៃគូនេះ ផ្តោតលើ មូលនិធិកែច្នៃចំណីអាហារ គឺផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតផលិតផលថ្មី ពង្រីកទីផ្សាររបស់ពួកគេ ឬបំពេញតាមស្ដង់ដាសុវត្ថិភាពចំណីអាហារ និង វិស័យសេវាកម្មកែច្នៃចំណីអាហារ គឺជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួល បានសេវាម្ហូបអាហារ និងបច្ចេកវិទ្យា ដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ម៉ាកយីហោ និងការវេចខ្ចប់។
ភាពជាដៃគូនេះ ក៏នឹងគាំទ្រដល់កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ-ចំណីអាហារ គឺការប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការកែច្នៃចំណីអាហារ។
លោក ចាស្ទីន វ៉ាយអេត បានអះអាងថា អូស្ត្រាលី ប្តេជ្ញាគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារឱ្យមានភាពរស់រវើក ដែលអាចរួមចំណែកទៅដល់ការរីកលូតលាស់នូវសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាប័ន្ន និងនិរន្តរភាពនៅប្រទេសកម្ពុជា។
ជាមួយគ្នានេះ ឈៀង វណ្ណមុនិណ្ឌ បានលើកឡើងថា ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារនេះ ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការពង្រីកសក្តានុពលទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម ទាំងក្នុងស្រុក និងក្រៅស្រុក។
នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បញ្ជាក់ថា មូលនិធិខាងលើនេះ នឹងជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា រួមទាំងផ្តល់ឱ្យពួកគេនូវធនធាន ដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ៕អត្ថបទ៖ វណ្ណៈ


