
ភ្នំពេញ៖ ក្នុងខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ១៩ ម៉ឺននាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួនជាង ១៩១,០០០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,២០៥នាក់ ធៀបនឹងខែមេសា ចំនួននេះបានកើនឡើងប្រមាណជាង ៦៩៦%។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងនៅក្នុងផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ជុំវិញនិងភ្ញៀវទេសចរណ៍ នៅក្នុងខែ ឧសភា ឆ្នាំ២០២១ សម្រាប់សប្តាហ៍ទី១ ទទួលបានភ្ញៀវប្រមាណ ១៩ពាន់នាក់, សប្តាហទី២ ជិត ៥០ ពាន់នាក់, សប្តាហទី៣ ជិត ៥៣ពាន់នាក់ និងសប្តាហ៍ទី៤ ទទួលបានភ្ញៀវជាង ៧១ ពាន់នាក់ បើសរុបនៅទូទៅប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរណ៍សរុប ១៩៤,០០០ នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួនជាង ១៩១,០០០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,២០៥នាក់។
ចំពោះគោលដៅសំខាន់ៗភ្ញៀវទៅទស្សនាកម្សាន្ត ដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែឧសភានេះ រួមមាន៖ ខេត្តកំពតជិត ៣៩ពាន់នាក់, ខេត្តបាត់ដំបងជិត ២៧ពាន់នាក់, ខេត្តកែបជាង ២៣ ពាន់នាក់, ខេត្តសៀមរាបជិត ១៩ពាន់នាក់, ខេត្តកំពង់ស្ពឺជាង ១៦ពាន់នាក់ និងខេត្តព្រះសីហនុមានចំនួនជាង ១២ពាន់នាក់។
ជុំវិញភ្ញៀវទេសចរណ៍នេះ, ឯកឧត្ដម ថោង ខុន បានបន្តថា នៅក្នុងខែឧសភា ឆ្នាំ២០២១ នេះ ចំនួនភ្ញៀវទេសបានកើនឡើងប្រមាណជាង ៦៩៦% ធៀបនឹងខែ មេសា, ចំពោះចំនួននៃការកើនឡើងនេះ គឺដោយសារក្នុងខែ មេសា រាជរដ្ឋាភិបាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេលជាងពីរសប្តាហ៍។
សូមបញ្ជាក់ថា រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាល បានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញ រហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕ អត្ថបទ៖ សុន រ៉ាឌី