ជនជាតិស៊ុយអែតជាង ១០០នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Stockholm កាលពីថ្ងៃសៅរ៍ (២៣ កញ្ញា) ដើម្បីតវ៉ាចំពោះការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការណាតូ ដោយអំពាវនាវឱ្យបញ្ចប់សង្គ្រាម និងបដិសេធសមាជិកភាពនៃសម្ព័ន្ធយោធាមួយនេះ។

ក្រុមអ្នកតវ៉ាបានលើកស្លាកសញ្ញាដែលសរសេរថា «ស៊ុយអែតមិនត្រូវការ ណាតូ សម្រាប់សន្តិភាពទេ ហើយណាតូ នឹងនាំតែសង្គ្រាមសម្រាប់ស៊ុយអែត ប៉ុណ្ណោះ» និង «និយាយថា ទេ ចំពោះណាតូ» ព្រមទាំងសម្តែងការប្រឆាំងរបស់ពួកគេ ចំពោះការបោះបង់ចោលនូវអព្យាក្រឹតភាពរបស់ស៊ុយអែត ក្នុងការចូលជាសមាជិកអង្គការណាតូ។
ក្រុមអ្នកតវ៉ាបាននិយាយថា ណាតូ មិនមែនជាសម្ព័ន្ធមិត្តការពារជាតិទេ ប៉ុន្តែជាសម្ព័ន្ធមិត្តប្រដាប់អាវុធនុយក្លេអ៊ែរ ដែលបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងធ្វើសង្គ្រាមនៅក្រៅប្រទេស ខណៈអាវុធនុយក្លេអ៊ែរបានបង្កើតមូលដ្ឋានគ្រឹះយុទ្ធសាស្ត្ររបស់ណាតូ ជាមួយនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថា មិនមែនជាការធានាសន្តិសុខនោះទេ។
សូមបញ្ជាក់ថា បញ្ហាការចូលជាសមាជិកណាតូរបស់ស៊ុយអែត កំពុងស្ថិតក្រោមការពិភាក្សាជិតមួយឆ្នាំហើយ។ នៅក្នុងសម្ព័ន្ធភាពយោធា មានតែសភាទួរគី និងហុងគ្រីប៉ុណ្ណោះ ដែលមិនទាន់អនុម័តសមាជិកភាពរបស់ប្រទេសស៊ុយអែតនេះ៕
