មន្ត្រីក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៦នាក់ បានស្លាប់នៅក្នុងអគ្គីភ័យអណ្តូងរ៉ែធ្យូងថ្មកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) នៅក្នុងខេត្ត គួយចូវ (Guizhou) ភាគនិរតីនៃប្រទេសចិន។

រដ្ឋាភិបាលទីក្រុងផានចូវ (Panzhou) បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនកាលពីយប់ថ្ងៃអាទិត្យថា អគ្គីភ័យបានឆាបឆេះនៅអណ្តូងធ្យូង សានចាវស៊ូ (Shanjaoshu) នៅម៉ោងប្រហែល៨:១០ព្រឹក (ម៉ោងក្នុងស្រុក)។
សេចក្តីជូនដំណឹងនោះបាននិយាយថា បុគ្គលិកសង្គ្រោះបន្ទាន់បានពន្លត់ភ្លើង ហើយសីតុណ្ហភាពនៅទីតាំងកើតហេតុបានវិលមកសភាពធម្មតាវិញ ប៉ុន្តែបន្ទាប់ពីការផ្ទៀងផ្ទាត់បឋម មនុស្ស១៦នាក់បានស្លាប់បាត់បង់ជីវិត។ អណ្តូងរ៉ែនៅទីក្រុងប៉ានចូវ នោះ មានចម្ងាយប្រហែល៣៦០០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានីប៉េកាំង។
ខណៈពេលដែលស្តង់ដារសុវត្ថិភាពនៅក្នុងវិស័យរុករករ៉ែ របស់ប្រទេសចិន មានភាពប្រសើរឡើងក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ គ្រោះថ្នាក់នៅតែបន្តកើតមានជាញឹកញាប់នៅក្នុងឧស្សាហកម្មនេះ ដោយសារតែការអនុវត្តន៍ពិធីការតិចតួច ជាពិសេសនៅកន្លែងដែលមានមូលដ្ឋានរុករករ៉ែច្រើនបំផុត។ កាលពីឆ្នាំមុន មនុស្ស២៤៥នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់១៦៨ករណី នេះបើយោងតាមតួលេខផ្លូវការ៕
