អត្តពលិកកម្ពុជា ៦ប្រភេទកីឡា រួមមានកីឡាបាល់បោះ ៣នាក់ ទល់ ៣នាក់, ហែលទឹក, យូដូ, តេក្វាន់ដូ WT, ទូកក្ដោង និងកីឡាគុនដាវ នឹងត្រូវធ្វើការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។
ក្នុងចំណោមអត្តពលិកទាំង ៦ប្រភេទកីឡានេះដែរ មាន ៣ប្រភេទកីឡា ដែលបានធ្វើការប្រកួតដំបូងរបស់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រោយពិធីបើកការប្រកួតកីឡាអាស៊ីជាផ្លូវការ កាលពីរាត្រីថ្ងៃទី២៣ ខែកញ្ញាកន្លងទៅ គឺមានកីឡាករ-កីឡាការិនីហែលទឹក គុនដាវ និងយូដូ ប៉ុន្ដែពុំមានអ្នកផុតវគ្គជម្រុះនោះទេ ។
សម្រាប់អត្តពលិកកីឡាហែលទឹក ដែលឆ្លងកាត់ការប្រកួតពីម្សិលមិញ គឺមានកីឡាករ ដឺ ឡាប៉ារ៉ង់ អង់ត្វ័ន វិញ្ញាសាហែលរបៀបសេរី និងផ្ងារ ១០០ម៉ែត្រ ។ កីឡាករ មនត្រស ផានសុវណ្ណអារុន វិញ្ញាសាហែលរបៀបសេរី ១០០ម៉ែត្រ និងកីឡាការិនី សុខ វរល័ក្ខណ៍ វិញហែលរបៀបកង្កែប ៥០ម៉ែត្រ ។
ចំណែកកីឡាគុនដាវិញ គឺកីឡាការិនី ម៉ែន ម៉ូនីកា ប្រកួតលើវិញ្ញាសាឯកត្តជននារី Women’s Epee Individual និងយូដូ គឺកីឡាករកូនកាត់ ហ្គូឆ្កូវ វូឡូឌីមៀរ ប្រកួតវិញ្ញាសាទម្រង់ក្រោម ៦០គីឡូក្រាម ដែលសុទ្ធតែធ្លាក់ត្រឹមវគ្គជម្រុះ ។
ដោយឡែកកម្មវិធីប្រកួត នៃប្រភេទកីឡានីមួយៗថ្ងៃនេះ សម្រាប់ក្រុមបាល់បោះ ៣នាក់ ទល់ ៣នាក់ ក្រុមកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិថៃ ក្នុងវគ្គជម្រុះពូលD ។
កីឡាហែលទឹក មានកីឡាករ កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូដ និងកីឡាការិនី ឃឺន ច័ន្ទចរិយា ប្រកួតវិញ្ញាសាហែលផ្ងា ៥០ម៉ែត្របុរស-នារី ។ លើសពីនេះ កីឡាករកូនកាត់ កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ ដដែល រួមជាមួយកីឡាករ មនត្រស ផានសុវណ្ណអារុន ក៏ត្រូវប្រកួតវិញ្ញាសាហែលសេរី ៥០ម៉ែត្របុរសផងដែរ ។
កីឡាតេក្វាន់ដូ WT មានកីឡាករ ២រូប ត្រូវធ្វើការប្រកួត រួមមានកីឡាករ សំ យូដេត ជួបកីឡាករស្រីលង្ការ Liyanager Chalinda ក្នុងទម្ងន់ក្រោម ៥៨គីឡូក្រាម និងកីឡាករ គ្រី លីដែន ជួបកីឡាករនេប៉ាល់ Tamang Aniali ក្នុងទម្ងន់ក្រោម ៤៩គីឡូក្រាម ។

កីឡាយូដូ កីឡាករកូនកាត់ អាណូ ស៊ីនតារ៉ូ ត្រូវប្រកួតជម្រុះលើវិញ្ញាសាទម្ងន់ក្រោម ៧៣គីឡូក្រាម និងកីឡាការិនីគុនដាវ ហៃ ស្រីស្រស់ ត្រូវប្រកួតវិញ្ញាសា Women’s Foil Individual ។
រីឯកីឡាទូកក្ដោង មានកីឡាករ ៣រូប ត្រូវចាប់ផ្ដើមការប្រកួតថ្ងៃដំបូងរបស់ខ្លួន រួមមានកីឡាករ កែវ ភានុន ប្រកួតវិញ្ញាសា Windsurfing IQFoil, កីឡាករ កែវ ភារុណ ត្រូវប្រកួតវិញ្ញាសា Men Windsurfer RS និងកីឡាករ ញ៉ូវ ចាន់ ត្រូវប្រកួតវិញ្ញាសា Men Dingy ILCA7 ។
គួរដឹងថា ការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ចាប់ផ្ដើមការប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលាខាងមុខ ហើយកម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡាទៅចូលរួម គឺមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ៕ អត្ថបទ លី ឈុនឡា