តំណាងក្រសួងយុត្តិធម៌បាននិយាយថា យ៉ាងហោចណាស់មនុស្ស៣៥នាក់ បានស្លាប់នៅភាគអាគ្នេយ៍ប្រទេសបេនីន កាលពីថ្ងៃសៅរ៍ (២៣ កញ្ញា) បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅក្នុងហាងលក់ទំនិញមួយកន្លែង ដែលសាក្សីបាននិយាយថាប្រេងសាំងកំពុងត្រូវបានបង្ហូរចេញ។

អគ្គីភ័យបានឆាបឆេះនៅម៉ោង៩:៣០នាទី (ម៉ោងក្នុងស្រុក) នៅក្នុងក្រុង Seme-Podji ជិតព្រំដែនជាមួយប្រទេសនីហ្សេរីយ៉ា។
ព្រះរាជអាជ្ញា Abdoubaki Adam-Bongle បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងថា «អគ្គិភ័យបានឆាបឆេះហាងមួយនោះ ហើយយោងទៅតាមការវាយតម្លៃដំបូង បានបណ្តាលឱ្យមនុស្ស៣៥នាក់បានស្លាប់ ក្នុងនោះមានកុមារម្នាក់»។
លោកបានបន្តថា តាមសាក្សីដែលបានសម្ភាសនោះ អគ្គិភ័យប្រហែលជាផ្តើមឆាបឆេះក្នុងពេលបង្ហូរសាំងមកវិញ» ហើយមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ៕
