ក្រុមអ្នកស្រុក និងមេដឹកនាំក្នុងតំបន់បាននិយាយថា ក្រុមខ្មាន់កាំភ្លើងនៅក្នុងប្រទេសនីហ្សេរីយ៉ា បានសម្លាប់មនុស្ស៨នាក់កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) និងបានចាប់ជំរិតមនុស្សយ៉ាងហោចណាស់៦០នាក់ផ្សេងទៀត នៅក្នុងសហគមន៍ចំនួនពីរ នៅភាគពាយព្យនៃរដ្ឋ Zamfara រយៈពេលពីរថ្ងៃបន្ទាប់ពីក្រុមប្រដាប់អាវុធនោះ បានចាប់ជំរិតមនុស្សរាប់សិបនាក់ពីសាកលវិទ្យាល័យមួយក្នុងរដ្ឋ។

ប្រភពពីនគរបាល និងអ្នកបើកបរម្នាក់ ដែលបានមើលឃើញការវាយប្រហារបាននិយាយថា នៅកន្លែងផ្សេងទៀត នៅភាគឦសាននៃប្រទេសនេះ ក្រុមបះបោរអ៊ីស្លាមដែលសង្ស័យ បានស្ទាក់ចាប់ក្បួនរថយន្ត ក្រោមការអមការពារដោយយោធា ដោយបានសម្លាប់ទាហានពីរនាក់ និងជនស៊ីវិល៤នាក់ផងដែរ ដោយធ្វើឲ្យតួលេខអ្នកស្លាប់សរុបមានចំនួន១៤នាក់។
សាក្សីបាននិយាយថា ក្រុមអ្នកវាយប្រហារបានដុតរថយន្តចំនួន៥គ្រឿង ហើយបានរត់គេចជាមួយនឹងរថយន្តដឹកទំនិញមួយគ្រឿងផងដែរ។
លោកប្រធានាធិបតី Bola Tinubu មិនទាន់បានពន្យល់ពីមធ្យោបាយ ដែលលោកនឹងដោះស្រាយអសន្តិសុខ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសនេះនៅឡើយទេ។ អ្នកស្រុកបាននិយាយថា កាលពីព្រឹកថ្ងៃអាទិត្យ ខ្មាន់កាំភ្លើងបានព្យាយាមវាយប្រហារមូលដ្ឋានទ័ពខាងមុខនៅក្នុងសហគមន៍ជនបទ Magami នៃរដ្ឋ Zamfara ប៉ុន្តែត្រូវបានបណ្តេញចេញ។ រដ្ឋ Zamfara គឺជារដ្ឋមួយក្នុងចំណោមរដ្ឋ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការចាប់ជំរិតដើម្បីទារយកប្រាក់លោះខ្លួន ដោយក្រុមជនអន្ធពាលប្រដាប់អាវុធដែលគេស្គាល់ថាជាក្រុមចោរនៅក្នុងប្រទេសនេះផងដែរ៕
