ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះវិសាខា ១-០ ក្នុងជំនួបសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា Cambodian Premier League 2023/24 ស្របពេលក្រុមភ្ញៀវគិរីវង់សុខសែនជ័យ បានបង្អាក់ដំណើរស្វែងរកជ័យជម្នះក្នុងដីរបស់ក្រុមណាហ្គាវើលដ៏ បន្ទាប់ពីវាយបកតាមស្មើ ១-១ នៅចុងម៉ោង ។
សម្រាប់ជំនួបធំប្រចាំសប្ដាហ៍ រវាងព្រះខ័នរាជស្វាយរៀង និងវិសាខា បានអូសបន្លាយការប្រកួតស្ទើរពេញម៉ោង ទើបមានគ្រាប់បាល់កើតឡើង ដែលធ្វើសម្រេចដោយកីឡាករ Macus Haber នៅនាទី៨២ ដែលជាគ្រាប់បាល់ជ័យជម្នះ ជួយឲ្យព្រះខ័នរាជស្វាយរៀង រក្សាកំណត់ត្រាឈ្នះ ៦ប្រកួតជាប់គ្នា ហើយក៏ជាកំណត់ត្រាផ្ទាល់ខ្លួនរបស់ Haber ដែលរកបានគ្រាប់បាល់ចំនួន ៦ប្រកួតជាប់គ្នាផងដែរ ។
ជាមួយជ័យជម្នះនេះ បានជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង ដោយរកបាន ១៨ពិន្ទុ បន្ទាប់ពីទទួលបានជ័យជម្នះ ៦ប្រកួតផ្ទួនៗ ហើយជាលើកដំបូង ដែលក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង បានយកឈ្នះ ៦ប្រកួតជាប់គ្នាផងដែរ ។

ចំណែកក្រុមណាហ្គាវើលដ៏វិញ បន្ទាប់ពីនាំមុខក្រុមភ្ញៀវគិរីវង់ ១គ្រាប់មុន ដោយបាល់ភ្លាត់ចូលទីខ្លួនឯង(Own Goal) របស់កីឡាករ Nobiraki Deiransupernsa នៅនាទី២៣ ក្រុមទាំងពីរ បានបន្ដវាយសម្រុកគ្នា ហើយបានអូសបន្លាយដល់ចុងម៉ោង ទើបកីឡាករ ស៊ុំ សាន់ រកបានគ្រាប់តាមស្មើឲ្យក្រុមគិរីវង់សុខសែនជ័យវិញ នៅនាទី៩០ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតតែម្ដង។
លទ្ធផលនេះ បានធ្វើឲ្យក្រុមណាហ្គាវើលដ៏ នៅតែមិនទាន់ស្គាល់ជ័យជម្នះលើទឹកដីរបស់ខ្លួន នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ហើយក៏មិនទាន់ស្គាល់ជ័យជម្នះ សម្រាប់ ៥ប្រកួតចុងក្រោយផងដែរ បន្ទាប់ពីពួកគេរកបានជ័យជម្នះលើកដំបូង កាលពីជំនួបបើករដូវកាលជាមួយក្រុមម្ចាស់ផ្ទះព្រៃវែងអេហ្វស៊ី។

សម្រាប់លទ្ធផលសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា ចំនួន ២គូទៀត គឺក្រុមកងយោធពលខេមរភូមិន្ទ បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត ដោយលទ្ធផល ៤-៣ គួរភ្ញាក់ផ្អើល នៅពហុកីឡដ្ឋានជាតិ ។ ជំនួបជើងទី១ នេះ បឹងកេត បាននាំមុខក្រុមភ្ញៀវម្ដងហើយម្ដងទៀត តែត្រូវបានកងយោធពលខេមរភូមិន្ទ វាយបកតាមស្មើជាបន្ដបន្ទាប់ មុនពួកគេរកបានគ្រាប់បាល់ទី៤ នៅនាទី៨៥ ដោយកីឡាករ ណាត សង្ហា ដែលជួយឲ្យក្រុមកងយោធពលខេមរភូមិន្ទ តាមស្មើក្រុមបឹងកេត ដោយមាន ១០ពិន្ទុស្មើគ្នា ។

រីឯក្រុមព្រៃវែងអេហ្វស៊ីវិញ គឺបានយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដោយលទ្ធផល ២-១ ។ ជំនួបនៅទឹកដីខេត្តសៀមរាបនេះ ផាន សុផេន រកបាន ៦គ្រាប់មុនឲ្យក្រុមភ្ញៀវ មុនកីឡាករ Bugas Pocholo Aprllano រកបាន ១គ្រាប់ឲ្យម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅនាទី៥៩ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតតែម្ដង ។

ដោយឡែកក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ ISI ដង្កោសែនជ័យ បង្គ្រប់សប្ដាហ៍ទី៦ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញានេះ បន្ទាប់ពីភ្នំពេញក្រោន បានត្រឡប់មកពីប្រកួតជម្រុះពានរង្វាន់ AFC Cup 2023/24 ពូលF ដោយបានយកឈ្នះក្រុម Cebu FC របស់ហ្វីលីពីន កាលពីថ្មីៗ៕ អត្ថបទ លី ឈុនឡា
