បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសឱ្យដឹងថា ពលរដ្ឋចំនួន ៤៤នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ ដែលភាគច្រើនជាពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា ករណីឆ្លងថ្មីរហូតដល់ទៅ ៣៤នាក់ ត្រូវបានរកឃើញលើពលករខ្មែរ ក្នុងនោះមានស្ត្រី ១៤នាក់ផងដែរ បន្ទាប់ពីពួកគេវិលត្រឡប់មកពីខេត្តនានារបស់ប្រទេសថៃ។
បើតាមរដ្ឋបាលខេត្តនេះ ករណីឆ្លងថ្មីចំនួន ៩នាក់ទៀត ត្រូវបានរកឃើញលើអ្នកលក់ដូរចំនួន ៣នាក់ កម្មករ ២នាក់ កម្មករសំណង់ម្នាក់ កុមារ ៣នាក់ និងស្ត្រីមេផ្ទះម្នាក់ ដែលពួកគេទាំងអស់សុទ្ធតែធ្វើការ និងរស់នៅក្នុងទីក្រុងប៉ោយប៉ែត។
រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានអំពាវនាវផងដែរទៅដល់ប្រជាពលរដ្ឋដទៃទៀតដែលពាក់ព័ន្ធនឹងអ្នកឆ្លងថ្មីទាំង ៤៤នាក់នេះ ឱ្យទៅផ្ដល់សំណាកពិនិត្យរកមេរោគកូវីដ-១៩ និងដាក់ខ្លួនឯងនៅដាច់ដោយឡែកដើម្បីតាមដានសុខភាព៕អត្ថបទ ៖ សុធី