ជម្លោះដ៏ជូរចត់រវាងប្រទេសឥណ្ឌា និងកាណាដា ជុំវិញការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីគ កំពុងប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជននៅក្នុងរដ្ឋ ភុនចាប (Punjab) ជាទីដែលជនជាតិស៊ីគ ភ័យខ្លាចទាំងការប្រតិកម្មពីរដ្ឋាភិបាលជាតិនិយមហិណ្ឌូ របស់ប្រទេសឥណ្ឌា និងការគំរាមកំហែងដល់អនាគតរបស់ពួកគេសម្រាប់ជីវិតកាន់តែប្រសើរឡើងនៅអាមេរិកខាងជើង។

ពលរដ្ឋកាន់សាសនាស៊ីគ មានត្រឹមតែ២%ប៉ុណ្ណោះ នៃប្រជាជនឥណ្ឌាសរុបចំនួន១,៤ពាន់លាននាក់ ប៉ុន្តែពួកគេភាគច្រើនរស់នៅក្នុងរដ្ឋ ភុនចាប ដែលជារដ្ឋមានប្រជាជនចំនួន ៣០លាននាក់ និងជាទីដែលសាសនារបស់ពួកគេបានចាប់កំណើតកាលពី៥០០ឆ្នាំមុន។
ក្រៅពីរដ្ឋ ភុនចាប ក៏មានប្រជាជនកាន់សាសនាស៊ីគ ជាច្រើនរស់នៅក្នុងប្រទេសកាណាដាផងដែរ ជាទីនៃការតវ៉ាជាច្រើនបានកើតឡើងដែលបានធ្វើឱ្យប្រទេសឥណ្ឌាខឹងសម្បា។
នៅក្នុងភូមិ បាស៊ីងពូរ៉ា (Bharsinghpura) ដែលជាស្រុកកំណើតរបស់អតីតមេដឹកនាំផ្ដាច់ខ្លួន ដែលត្រូវបានសម្លាប់ លោក Hardeep Singh Nijjar មានការចងចាំតិចតួចប៉ុណ្ណោះអំពីរូបលោក ប៉ុន្តែជម្លោះរវាងប្រទេសកាណាដា និងឥណ្ឌាបានធ្វើឱ្យមនុស្សព្រួយបារម្ភជាខ្លាំងនៅក្នុងភូមិដ៏តូចមួយនេះ។
ប្រទេសឥណ្ឌាគឺជាប្រភពនិស្សិតអន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកាណាដា ដែលតួលេខ នោះបានកើនឡើង ៤៧% កាលពីឆ្នាំមុនដល់ចំនួន ៣២០.០០០នាក់។ ខណៈពេលសិស្សមួយចំនួន និងឪពុកម្តាយរបស់ពួកគេព្រួយបារម្ភអំពីជម្លោះរវាងប្រទេសទាំងពីរថាអាចប៉ះពាល់ដល់ការរំពឹងទុកនៃការអប់រំនោះ អ្នកផ្សេងទៀតកំពុងគិតអំពីផលប៉ះពាល់សម្រាប់ជនជាតិស៊ីគ នៅក្នុងប្រទេសឥណ្ឌា៕
