ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សា លើសំណើរបស់រាជរដ្ឋាភិបាល ដែលបានស្នើសុំឱ្យរដ្ឋសភា ធ្វើការពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ធ្វើការពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ដើម្បីឆ្លើយតបទៅនឹងការវិវត្ត ការរីកចម្រើន និងការប្រែប្រួលបច្ចេកវិទ្យាអាកាសចរស៊ីវិលដែលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រង ជាពិសេសដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួនក្នុងនាមជាសមាជិក អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។
ការសម្រេចនេះបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែកញ្ញា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ខណៈសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលត្រូវបានរៀបចំឡើងចំនួន ១១ មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕