ព្រឹត្តិការណ៍ «GANZBERG ពួកម៉ាល្អ អូសឡាន ឈ្នះឡាន» បានប្រព្រឹត្តទៅយ៉ាងរលូន និងបញ្ចប់ជោគជ័យ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញ ១ថ្ងៃពេញ នៅទីលានមុខសាលមហោស្រពកោះពេជ្រ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយជយលាភី បានទៅក្រុមដឹកនាំដោយប្រធានក្រុមកីឡាករ ថូ ខេមរា មកពីខេត្តកំពង់ធំ ដែលឈ្នះពានរង្វាន់រថយន្ដ Pick Up ស៊េរីឆ្នាំ២០២៣ ១គ្រឿង ។

យោងតាមគណៈកម្មការរៀបចំការប្រកួតនេះ បានឲ្យដឹងថា កម្មវិធី ពួកម៉ាក់ល្អ អូសឡាន ឈ្នះឡាន លើកដំបូង ដែលរៀបចំដោយក្រុមហ៊ុន Ganzberg នេះ មានបេក្ខភាពចុះឈ្មោះចូលរួមចំនួន ៥៥៥ក្រុម ប៉ុន្ដែក្រុមចូលរួមប្រកួតជាងស្ដែង គឺមានចំនួនជិត ៤០០ក្រុម ដែលបានធ្វើការប្រកួតជម្រុះជាច្រើនដំណាក់កាល ទើបរកឃើញក្រុមជយលាភី ពិសេសក្រុមវគ្គសំខាន់ៗ និងវគ្គផ្ដាច់ព្រ័ត្រ ដែលបានដំណើរការប្រកួតក្រោមដំណក់ភ្លៀងដ៏រីករាយ ។


បន្ទាប់ពីឆ្លងកាត់ការប្រកួត ១ថ្ងៃពេញ ដែលទទួលបានការសាទរយ៉ាងច្រើនកុះករពីមហាជន និងអ្នកទស្សនាទូទាំងប្រទេស ព្រឹត្តិការណ៍ «GANZBERG ពួកម៉ាល្អ អូសឡាន ឈ្នះឡាន» ក៏បានរកឃើញក្រុមជយលាភី ដែលចំណាត់ថ្នាក់លេខ១ បានទៅក្រុម១៤២ ដែលដឹកនាំដោយធានក្រុម ថូ ខេមរា និងដៃគូ ២នាក់ទៀត ទទួលបានរង្វាន់រថយន្ត Pick Up ស៊េរីថ្មី ឆ្នាំ ២០២៣ ១គ្រឿង។ ចំណាត់ថ្នាក់លេខ២ បានទៅក្រុម២៥១ ដឹកនាំដោយប្រកួតក្រុម ឌុន សៅ និងដៃគូ ២នាក់ទៀត មកពីខេត្តកណ្ដាល ទទួលបានរង្វាន់ម៉ូតូធំចំនួន ៣គ្រឿង និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុម ៤៨៥ ដឹកនាំដោយប្រធានក្រុម ហេង វុទ្ធី និងដៃគូ ២នាក់ទៀត ទទួលបានប្រាក់រង្វាន់ ៣ពាន់ដុល្លារផងដែរ៕ អត្ថបទ លី ឈុនឡា

