ក្រុមបាល់ឱបវែលបានក្លាយជាក្រុមមុនគេ កក់កៅអីនៅវគ្គ ៨ ក្រុមចុងក្រោយបាល់ឱបជើងឯកពិភពលោកនៅទឹកដីបារាំងក្រោយយកឈ្នះអូស្រ្តាលីនៅទីក្រុង Lyon យប់មិញ។
Gareth Anscombe ទាត់បញ្ចូលទី ២៣ ពិន្ទុម្នាក់ឯង បួករួមទាំងការរកបាន Try ពីកីឡាករ Gareth Davies, Nick Tompkins និង Jac Morgan គ្រប់គ្រាន់សម្រាប់ជ័យជំនះរបស់វែលលើក្រុមជើងឯកពិភពលោក ២ សម័យអូស្រ្តាលីដាច់ ៤០-៦។
៦ ពិន្ទុរបស់អូស្រ្តាលីរកបានដោយបាល់ពិន័យ ២ លើករបស់ Ben Donaldson។

ក្រុមរបស់លោក Eddie Jones នៅពេលនេះជាក្រុមអូស្រ្តាលីដំបូងដែលប្រឈមធ្លាក់ត្រឹមវគ្គចែកពូល បន្ទាប់ពីបទពិសោធរបស់អូស្រ្តាលីកន្លងមកតែងតែឆ្លងផុតវគ្គចែកពូល ពោលគឺធ្លាក់ត្រឹមវគ្គ ៨ ក្រុម ៣ ដង បានលេខ ៤ ម្តង លេខ ៣ ម្តង ជើងឯករង ២ ដង និងជើងឯក ២ ដង។
ដោយឡែកសម្រាប់ក្រុមវែលនៅពេលនេះធានាបានកៅអីនៅវគ្គបន្តហើយ តែត្រូវប្រកួតទល់នឹងហ្សកហ្ស៊ីចុងក្រោយដើម្បីសម្រេចថាជាក្រុមលេខ ១ ក្នុងពូលរឺអត់។
ងាកទៅការប្រកួតមួយទៀតក្រុមដែលមកពីចក្រភពអង់គ្លេសផងដែរ គឺស្កុតឡេនបានយកឈ្នះតុងហ្កា ៤៥-១៧ នៅសល់ក្តីសង្ឃឹមតិចតួចឡើងវគ្គ ៨ ក្រុមចុងក្រោយ។

George Turner, Duhan van der Merwe, Kyle steyn និង Rory Darge រកបានម្នាក់ ១ Try ក្នុងចំណោមពិន្ទុរបស់ស្កុតឡេន ៤៥ នេះ។
ស្កុតឡេនទើបលេងបាន ២ ប្រកួតប៉ុណ្ណោះនៅក្នុងពូល B មានត្រឹម ៥ ពិន្ទុខណៈតុងហ្កា និងរ៉ូម៉ានីនៅក្រោយមិនមានពិន្ទុរាប់ តែពីក្រុមខាងលើលេងបាន ៣ ប្រកួតដូចគ្នារួមមានអៀកឡង់លើគេមាន ១៤ ពិន្ទុ និងលេខ ២ អាហ្វ្រិកខាងត្បូងមាន ១០ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

