រុស្ស៊ី ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃសៅរ៍ បានលើកឡើងពីសហរដ្ឋអាមេរិក និងអឺរ៉ុបថា «មើលងាយ»ពិភពលោកជុំវិញការតស៊ូ ដើម្បីបញ្ចុះបញ្ចូលបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបាននិយាយថា ខណៈដែលទីក្រុងម៉ូស្គូ មិនបដិសេធកិច្ចខិតខំប្រឹងប្រែងរបស់UN ដើម្បីស្តារកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅឡើងវិញ សំណើថ្មីៗនេះ គឺមិនពិតប្រាកដទេ។
លោកឡាវរ៉ូវ បានថ្លែងបន្ទាប់ពីរយៈពេលមួយសប្តាហ៍នៃទំនាក់ទំនងការទូតពិភពលោកដ៏ខ្លាំងក្លា នៅកិច្ចជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោកនៅUN ដែលប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) ចូលរួមដោយផ្ទាល់ ហើយសម្ព័ន្ធមិត្តលោកខាងលិច បានស្វែងរកការគាំទ្រសម្រាប់ទីក្រុងគីវ។ លោកឡាវរ៉ូវ បាននិយាយថា លោកបានជួបជាមួយប្រទេសជាង៣០ក្នុងអំឡុងពេលមុនសប្តាហ៍នេះ។
បន្ទាប់ពីប្រទេសរុស្ស៊ី បានលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ អង្គការសហប្រជាជាតិ បានស្តីបន្ទោសសង្រ្គាមចំពោះការធ្វើឲ្យវិបត្តិស្បៀងអាហារពិភពលោក កាន់តែអាក្រក់ឡើង ហើយទំនាក់ទំនងការទូតជួរមុខថ្មីមួយ បានកើតឡើង ដោយទីក្រុងម៉ូស្គូ និងទីក្រុងគីវ កំពុងតស៊ូដើម្បីបញ្ចុះបញ្ចូលប្រទេសដែលរងគ្រោះខ្លាំងជាងគេ គឺប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍។
នៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតUN ដែលមានសមាជិកចំនួន១៩៣ប្រទេស កាលពីថ្ងៃសៅរ៍ លោកឡាវរ៉ូវ បានពិពណ៌នាថា៖«ការតស៊ូរវាងមនុស្សភាគច្រើនជាសកល...និងរវាងមនុស្សមួយចំនួនតូច ដែលប្រើវិធីអាណានិគមនៃការគាបសង្កត់ ដើម្បីរក្សាការឥទ្ធិពលរបស់ពួកគេ ដោយមិនបានទទួលផលប្រយោជន៍អ្វីសោះនោះ»។

