ក្រុមបាល់ទាត់ U23 ជម្រើសជាតិវៀតណាមបានធ្លាក់ចេញពីការប្រកួតវិញ្ញាសាបាល់ទាត់នៅព្រឹត្តិការណ៍កីឡាអាស៊ីលើទឹកដីចិនហើយក្រោយបរាជ័យក្រោមស្នាដៃអារ៉ាប៊ីសាអ៊ូឌីត ៣-១។
នេះជាជំនួបចុងក្រោយនៅក្នុងពូល B នេះខណៈក្រុមទាំងពីរត្រូវការជ័យជំនះដាច់ខាតរៀងខ្លួន ដើម្បីឡើងវគ្គបន្ត។

អារ៉ាប៊ីសាអ៊ូឌីតជាក្រុមមានប្រៀបដោយមាន ៤ ពិន្ទុមុនការប្រកួត ហើយបីគ្រាប់របស់អារ៉ាប៊ីសាអ៊ូឌីតរកបានដោយ Mohammed Eisa, Khalil Maran និង Zakaria Hawsawi ខណៈវៀតណាមរកបានមួយគ្រាប់នៅចុងម៉ោងដោយគ្រាប់បាល់ចូលទីខ្លួនឯង។

ចប់ការប្រកួតអារ៉ាប៊ីសាអ៊ូឌីតទទួលបាន ៣ ពិន្ទុបន្ថែមមាន ៧ ពិន្ទុឈរលេខ ២ ឡើងវគ្គ ៨ ក្រុមចុងក្រោយជាមួយក្រុមលេខ ១ អ៊ីរ៉ង់ដែលបានយកឈ្នះម៉ុងហ្គោលីប្រកួតចុងក្រោយ ៣-០។

ងាកមកក្រុមកូរ៉េខាងជើង នៅតែបន្តធ្វើឱ្យមានភាពភ្ញាក់ផ្អើលក្នុងការវិលត្រលប់មកវិញរបស់ក្រុមបាល់ទាត់ក្រោយអវត្តមានលើឆាកអន្តរជាតិ ៣ ឆ្នាំ ដោយបានយកឈ្នះទាំង ៣ ប្រកួតក្នុងពូល។
Kim Yu-song ជាអ្នករកបានគ្រាប់ជ័យជំនះតែមួយគ្រាប់គត់ឱ្យកូរ៉េខាងជើងយកឈ្នះឥណ្ឌូនេស៊ីគ្រប់គ្រាន់ល្មម ដើម្បីទទួលបាន ៣ ពិន្ទុបន្ថែមមាន ៩ ពិន្ទុពេញឡើងវគ្គបន្តជាមួយគីជីស្ថាន។

ចំណែកឯឥណ្ឌូនេស៊ីត្រូវរង់ចាំការប្រកួតវិលជុំក្នុងពូលផ្សេងទៀតបញ្ចប់ដើម្បីដឹងថា បានឡើងជុំបន្តរឺក៏អត់តាមរយៈការប្រៀបផ្ទឹមក្រុមលេខ ៣ ល្អបំផុត។

គូចុងក្រោយនេះ ថៃរកបានត្រឹម ១ ពិន្ទុប៉ុណ្ណោះក្រោយស្មើគុយវ៉ែត ១-១ មានន័យថាពូលនេះ កូរ៉េដែលឈ្នះបារ៉ែនប្រកួតចុងក្រោយជាក្រុមលេខ ១ ក្នុងពូលមាន ៩ ពិន្ទុពេញឡើងវគ្គបន្តជាមួយបារ៉ែន ខណៈថៃឈរលេខ ៣ ចាំអ៊ុតជាមួយក្រុមលេខ ៣ ក្នុងពូលផ្សេងទៀត៕ អត្ថបទ៖នាង សុភាវុធ

